(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការនៅតាមមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមក្នុងពិធីបុណ្យ កាន់បិណ្ឌវេនទី១ នៅវត្តប្រាសាទគោកបេង ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ បានថ្លែងឱ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់រូប ហើយនៅថ្ងៃនេះដែរបងប្អូនប្រជាពុទ្ធបរិស័យ បាននាំចង្ហាន់ និងទេយ្យវត្ថុផ្សេងៗទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ចំពោះបុព្វការីជនមាន មាតា បិតា គ្រូឧបជ្ឍាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយណាដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោកអភិបាលខេត្ត បានទៀតថា ទោះបីជាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំជាប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងឆ្នាំនេះ កំពុងប្រឈមទៅនឹងការរីករាលដាលនៃជំងឺជាសកលកូវីដ១៩ ក៏ដោយ ក៏រដ្ឋបាលខេត្តព្រះវិហារ បានខិតខំធ្វើយ៉ាងណា រៀបចំសម្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ បានប្រារព្ធធ្វើនូវពិធីបុណ្យប្រពៃណីជាតិដ៏មានសារសំខាន់នេះ ទៅតាមជំនឿ និងការគោរពប្រណិបត្តិរបស់បងប្អូនជាពុទ្ធសាសនិកជន ដែលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ធ្វើឡើងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។
ជាមួយនេះលោក ប្រាក់ សុវណ្ណ បានចេញសេចក្ដីប្រកាសណែនាំទៅដល់ថ្នាក់ដឹកនាំ គ្រប់បណ្ដាក្រុង-ស្រុកទាំង៨ ទូទាំងខេត្តព្រះវិហារ ត្រូវធ្វើយ៉ាងណារៀបចំពិធីបុណ្យ ឱ្យស្របទៅនឹងបរិបទដែលប្រទេសជាតិរបស់យើងកំពុងប្រឈម ទៅនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឱ្យបងប្អូនជាពុទ្ធសាសនិកជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគ្រប់វិធានការទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»៕