(តាកែវ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តតាកែវ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តតាកែវ។
លោក អ៊ូច ភា បានបញ្ជាក់ថា សម្រាប់ខេត្តតាកែវ លទ្ធផលចាក់លើកទី១ បានចំនួន៧៤៩,៦៣៦នាក់ ស្មើនឹង៨៧.១៩%ក្នុងនោះមាន អាយុ១៨ឆ្នាំឡើង ចំនួន៦១៩,៧៥៤នាក់ ស្មើនឹង៩៣.៨២%, អាយុពី១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ចំនួន១០១,៦០២នាក់ ស្មើ៩៤.៩២%, អាយុពី៦ឆ្នាំ ដល់ក្រោមអាយុ១២ឆ្នាំ ចំនួន២៨,២៨០នាក់ ស្មើ៣០.៦៧%។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តតាកែវសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកស្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្តតាកែវ ដើម្បីជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ដោយប្រការណាមួយ។
លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។
បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងទៀតថា ការសម្រេចបានលទ្ធផលនៅពេលនេះ រាជរដ្ឋាភិបាលមិនទាន់ស្កប់ស្កល់នៅឡើយទេ ពោលនៅពេលនេះ រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការចាក់ដូសជំរុញ ឬដូសទី៣ ជូនដល់មន្ដ្រីរាជការជួរបន្ថែមទៀត ដើម្បីបង្កើននូវការការពារជំងឺកូវីដ១៩ ខណៈដំណើរការចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅ គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ៕