(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងធ្វើការបោះឆ្នោត កំណត់យកតួលេខមួយ សម្រាប់ការស្នើកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ឆ្នាំ២០២២។
បើតាមការប្រកាសរបស់ក្រសួងការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។ ជាលទ្ធផល ភាគីទាំងបីមិនបានឯកភាពគ្នានូវតួលេខប្រាក់ឈ្នួលអប្បបរមាណាមួយច្បាស់លាស់នោះឡើយ។
ក្រសួងការងារបានបន្តថា ដើម្បីអាចសម្រេចបាននូវតួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២២ តំណាងភាគីទាំងបីបានស្នើនូវតួលេខចំនួន ៣ ផ្សេងៗគ្នា ដើម្បីដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាពិនិត្យ និងរៀបចំឱ្យមានការបោះឆ្នោតសម្រេចចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ តាមកាលវិភាគដែលបានគ្រោងទុក។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ក្នុងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕