(ព្រះវិហារ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ គណៈប្រតិភូរសម្ព័ន្ធមេត្រី៣ខណ្ឌដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ព្រមទាំងតំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងសហការី បានដឹកនាំក្រុមការងារនាំយកអំណោយសំភារៈមួយចំនួន មកឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយវរៈសេនាតូច៣៩១ នៅក្នុងខេត្តព្រះវិហារ។
តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូច៣៩១ បានឲ្យដឹងថា ក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ ហើយលោកបានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។
អភិបាលខណ្ឌទាំង៣ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។
អំណោយ និងថវិការបស់ខណ្ឌទាំង៣ ដែលត្រូវចែកជូនកងទ័ពរួមមាន៖
*ទី១៖ ខណ្ឌដូនពេញ ថវិកា ១០លានរៀល មី៧០កេស អាល់កុល ២កានធំ ម៉ាស ១០០ប្រអប់ ជែលលាងដៃល្អ ៧០ដប។
*ទី២៖ ខណ្ឌឬស្សីកែវ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ អាល់កុល២កានធំ និងថ្នាំពេទ្យមួយចំនួន។
*ទី៣៖ ខណ្ឌជ្រោយចង្វារ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ ជែលលាងដៃដបតូចចំនួន ៦៥ដប៕