(ភ្នំពេញ)៖ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរកឃើញបេក្ខជនដែលឈ្នះការប្រកួតក្នុងកម្មវិធីនេះហើយ កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែ កញ្ញាឆ្នាំ ២០២១។
ចំពោះលទ្ធផលនៃការប្រកួតគឺ វិទ្យាល័យច្បារអំពៅ នៃរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំណែកវិទ្យាល័យហ៊ុនសែនបូរី ១០០ខ្នងទទួលបានជ័យលាភីលេខ២ រីឯវិទ្យាល័យឬស្សីកែវ និងវិទ្យាល័យ ហ៊ុន សែនចាក់អង្រែទទួលបានជ័យលាភីលេខ៣ស្ទួន។
លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឲ្យដឹងថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២១ ជាលើកទី៤១ និងជាលើកទី១នៃការរៀបចំតាមប្រព័ន្ធ online ដែលបានចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០២១ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។
លោកបានបន្ថែមថា វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពីបណ្តាវាគ្មិន និងមន្រ្តីជំនាញផ្នែកបរិស្ថាន ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ ទៅកាន់សាធារណជនទូទៅថែមទៀតផង និងបានជួយផ្តល់នូវចំណេះដឹងបន្ថែមទៀតដល់យុវជន និងក៏ដូចជាការជួយឱ្យយុវជនដទៃទៀតបានសិក្សាស្វែងយល់ពីបរិស្ថាន។
ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់ដល់ជ័យលាភីទាំងអស់នាពេលនោះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះគឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។ ជាមួយគ្នាកម្មវិធីនេះ ក៏បានរួមចំណែកចែករំលែកដល់សាធារណៈជនដទៃទៀតឱ្យបានទទួលចំណេះដឹងយ៉ាងទូលំទូលាយស្តីពីបរិស្ថាននេះផងដែរនិងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ រដ្ឋលេខាធិការបានបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខរកការរីកចម្រើនជឿនលឿនតាមចក្ខុវិស័យរបស់រាជរដ្ឋាផិបាលកម្ពុជាដែលប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ស្របនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាពគឺសំដៅលើការរីកចម្រើននៃសេដ្ឋកិច្ច ការរីកចម្រើននៃសង្គមជាតិ និងការយកចិត្តលើសកម្មភាពមេត្រីភាពបរិស្ថានកាន់តែខ្ពស់ជាងមុន។ ដូច្នេះ វេទិកាយុវជនជជែកពិភាក្សាបរិស្ថាន គឺជាមធ្យោបាយមួយក្នុងការចែករំលែក ព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀតដែល ក្រសួងបរិស្ថានបានរៀបចំឡើងក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ។
ជាមួយគ្នាលោករដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យយុវជនធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើវិស័យបរិស្ថានសំដៅធ្វើយ៉ាងណាក្លាយជាអ្នកមានចំណេះដឹងទូលំទូលាយក្នុងការចូលរួមកិច្ចការពារក្នុងវិស័យបរិស្ថានរបស់ប្រទេសកម្ពុជាកាន់តែល្អប្រសើរនាថ្ងៃអនាគត។
លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាពិសេសនាយកដ្ឋានអប់រំបរិស្ថាន ដែលបានខិតខំបង្កើតកម្មវិធីផ្សព្វផ្សាយចំណេះដឹងបរិស្ថានតាមគ្រប់រូបភាព ដើម្បីលើកទឹកចិត្តឲ្យយុវជន ដែលជាអ្នបន្តវេនមានការគិតគូរខ្លាំងលើសកម្មភាពកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
គួរបញ្ជាក់ថាវេទិកានេះ មាន យុវសិស្សចំនួន ៨វិទ្យាល័យចូលរួមប្រកួតរួមមាន៖វិទ្យាល័យហ៊ុនសែនចាក់អង្រែ,វិទ្យាល័យច្បារអំពៅ,វិទ្យាល័យឬស្សីកែវ,វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង,វិទ្យាល័យហ៊ុនសែនជម្ពូវ័ន,វិទ្យាល័យវត្តកោះ,វិទ្យាល័យជាស៊ីមសាមគ្គី,វិទ្យាល័យជាស៊ីមសន្ធរម៉ុក៕