(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងការគ្រប់គ្រងថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តក្រុងខេរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងកិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងត្រូវចាត់ទុកថា នេះជាការងាររបស់ជាតិរបស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់ៗគ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ហើយត្រូវផ្តល់ព័ត៌មានរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាននិងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងគ្រុបតេលេក្រាមដែលបានបង្កើតសម្រាប់ ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ។
លោកអភិបាលរងខេត្តបានបន្ថែមថា មន្ទីរសុខាភិបាល ត្រូវសហការជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ១៩ និងបញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ពីព្រោះជំងឺកូវិដ១៩ មានហានិភ័យខ្ពស់បើយើងទប់ស្កាត់មិនបានទានពេលវេលាទេ វាអាចឆ្លងចូលក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈទៀតផង។
ដូច្នេះអ្វីដែលសំខានអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវតាមដានឲ្យបានគ្រប់ពេលវេលានៅការចរាចចេញចូលរបស់បងប្អូន ដែលធ្វើការចេញចូលឆ្លងស្រុក ឬខេត្តនិងមកពីប្រទេសក្រៅដែលពួកគាត់ចេញចូល ក្នុងមូលដ្ឋានរបស់យើងគឺមិនអាចឆ្វេងប្រហែសបានឡើយ៕