(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជាថា សម្តេចចង់ឃើញមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការជឿទុកចិត្តគ្នា និងការស្ថាបនាគ្នាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ជាពិសេសមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកលើបញ្ហាសិទ្ធិមនុស្សនេះ។
បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺជារឿងរស៊ើបមួយ ហើយតែងតែមានទស្សនៈផ្ទុយគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាអាណត្តិកន្លងទៅ។ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន និងលោក វិទិត មុនតាប៊ន ដែលជាបេសកជនសិទ្ធិមនុស្សអាណត្តិថ្មីរបស់អង្គការសហប្រជាជាតិនៅកម្ពុជា បានជជែកគ្នាត្រង់ទៅត្រង់មកលើបញ្ហានេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្រោយជំនួបឱ្យដឹងថា លោក វិទិត មុនតាប៊ន បានស្នើសុំទៅសម្តេចតេជោលើបញ្ហាចំនួន៤រួមមាន៖ ១៖ អាទិភាពរបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស, ២៖ មេរៀនអំពីជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារ, ៣៖ ការពង្រីកលំហរសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយ និងទី៤៖ ស្វែងយល់អំពីអ្វីដែលលោកគួរធ្វើ ដើម្បីគាំទ្រកម្ពុជាលើបញ្ហាសិទ្ធិមនុស្ស។
តបនឹងសំណើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ដោយត្រង់ៗគ្មានការលាក់លៀមផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា តាំងពីដើមរហូតមកដល់ពេលនេះ សិទ្ធិអាទិភាពសម្រាប់កម្ពុជា គឺសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញផង និងអនុសញ្ញាអន្តរជាតិផង។ សម្តេចតេជោ បន្តថា ដើម្បីរក្សាបាននូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាដាច់ខាតត្រូវរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាជន។
ពាក់ព័ន្ធការគ្រប់ជំងឺកូវីដ១៩នៅក្នុងពន្ធនាគារវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោស ដែលមានទោសស្រាល ជាស្ត្រី និងអ្នកដែលមានកូន ដោយរៀបចំកន្លែងថ្មីជូនពួកគេ ឬផ្ទេរពួកគេទៅកន្លែងថ្មីចៀសវាងការឆ្លងជំងឺកូវីដ១៩។ លើសពីនោះទៀត កម្ពុជា ក៏មិនមើលរំលងអ្នកជាប់ទោសទូទៅនោះដែរ គឺកម្ពុជា បានចាក់វ៉ាក់សាំងជូនពួកគេពីរដូសរួចហើយ ហើយត្រៀមចាក់ដូសទី៣ជូនបន្ថែមទៀត។
ពាក់ព័ន្ធបញ្ហាការពង្រីកលំហរសេដ្ឋកិច្ច សង្គមស៊ីវិល និងនយោបាយវិញ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហរលទ្ធិប្រជាធិបតេយ្យ។
ដោយឡែកចំណុចទី៤ គឺសម្តេចតេជោ ចង់មានកិច្ចសហប្រតិបត្តិការពីលោក វិទិត មុនតាប៊ន មុនដំបូងនោះ គឺការបង្កើតនូវបរិយាកាសដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមកប្រកបដោយការស្ថាបនាឈានឈ្មោះទៅមុខលើបញ្ហាសិទ្ធិមនុស្សដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក។
បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបពិភាក្សាការងារនេះ លោក វិទិត មុនតាប៊ន ក៏បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានចាត់វិធានការចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជាបានលឿនរហ័ស ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕