(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងចូលរួមធ្វើសេចក្ដីថ្លែងការណ៍ស្តីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ដែលរៀបចំដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយ៉ក តាមរយៈការថតវីដេអូទុក ជាមុន។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីព្រឹក ម៉ោងនៅទីក្រុងញ៉ូយ៉ក ត្រូវនឹងម៉ោង ៨៖០០នាទីយប់ ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដដែល។
ដោយឡែកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នឹងធ្វើសេចក្តីថ្លែងការណ៍នៅចន្លោះម៉ោង ២០៖០០នាទី ដល់ម៉ោង ២២៖០០នាទី ម៉ោងនៅទីក្រុងញ៉ូយ៉ក ត្រូវនឹងម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីព្រឹក ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១៕