(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដូចជាប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង ២៥ បានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ដែលប្រការនេះគឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបាននូវសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។
ការអះអាងចេញពីក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍ទូទាំង២៥រាជធានី-ខេត្តយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានបន្ថែមនូវពង្រឹងការអនុវត្ត «ស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» កាន់តែខ្លាំងឡើង ដើម្បីជំរុញឱ្យគ្រប់គោលដៅទេសចរណ៍នៅតាមរាជធានី-ខេត្តកាន់តែមានសុវត្ថិភាពពីការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីជួយជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងអោយកាន់កាន់តែខ្លាំង។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ក៏បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍ អ្នកបម្រើការនៅតាមគោលដៅទេសចរណ៍ទាំងអស់ចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីគាំទ្រដល់ផែនការជំរុញការបើកទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផែនការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលខាងមុខផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានជជីកដេញដោលទៅកាន់ប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តអំពីស្ថានភាពគោលដៅទេសចរណ៍ ចលនាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តតាមវិធាននានាផងដែរ ពិសេសគឺវិធានស្ដង់ដា SOP ដែលជាគម្ពីរដ៏ស័ក្តិសិទ្ធិក្នុងការជួយឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញបានល្អ។ ជាលទ្ធផល គ្រប់រាជធានី-ខេត្តគឺអនុវត្តតាមស្ដង់ដា SOP បានល្អ ខណៈនៅរាជធានី-ខេត្តភាគច្រើនក៏បានបើកវិស័យទេសចរណ៍ឡើងវិញហើយដែរ លើកលែងតែខេត្តខ្លះដែលនៅមានភាពចាំបាច់ក្នុងការបិទខ្ទប់មូលដ្ឋានរបស់ខ្លួន។
ទាំងលោករដ្ឋមន្ត្រី ថោង ខុន និងប្រធានមន្ទីរទេសចរណ៍សុទ្ធតែបានអះអាងថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ បានចាក់វ៉ាក់សាំងគ្រប់គ្នាអស់ហើយ យ៉ាងតិចក៏២ដូសដែរ ពិសេសប្រជាពលរដ្ឋនៅគ្រប់រាជធានី-ខេត្តគឺចាក់សុទ្ធតែ២ដូសហើយ ចាប់ពី ៩០% ដល់ ១០០% មានតែ ៣-៤ នាក់ប៉ុណ្ណោះ ដោយសារថាពួកគាត់មានបញ្ហាសុខភាព មន្ទីរទេសចរណ៍ទាំងអស់បានរាយការណ៍មកបែបហ្នឹង»។
លោកបានបន្តថា ប្រសិនបើអ្នកបម្រើការក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ គោលដៅទេសចរណ៍បានចាក់វ៉ាក់សាំងរួចហើយ ហើយអ្នកទៅលេងក៏បានចាក់វ៉ាក់សាំងរួចហើយទៀត ដូច្នេះលទ្ធភាពនៃការឆ្លងគឺមានតិចតួច ប៉ុន្តែក៏ត្រូវតែប្រុងប្រយ័ត្ន ត្រូវតែអនុវត្តតាមវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាល វិធានការសុវត្ថិភាពទេសចរណ៍ ពិសេសគឺអនុវត្តតាមស្ដង់ដា SOP នេះ។
លោករដ្ឋមន្ត្រីក៏បានជំរុញបន្ថែមឱ្យគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវពង្រីកកិច្ចសហការអនុវត្តស្ដង់ដា SOP នេះឱ្យដល់ទីវត្តអារាម និងនៅតាមផ្សារសាធារណៈ ផ្សារទំនើបជាដើម ពីព្រោះថារដូវនេះគឺជារដូវភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋនឹងទៅផ្សារដើម្បីទិញអីវ៉ាន់យកមកធ្វើម្ហូបចង្ហាន់ទៅវត្តអារាម ដូច្នេះច្បាស់ជាមានការជួបគ្នា ដែលជាចំណុចមួយត្រូវតែអនុវត្តឱ្យបានហ្មត់ចត់ មិនមែនធ្វើតែគោលដៅទេសចរណ៍នោះទេ។
បើតាមការរាយការណ៍បន្ថែមរបស់ប្រធានមន្ទីរមួយចំនួនបានឱ្យដឹងថា ខេត្តខ្លះ ចំពោះអ្នកដែលគ្មានប័ណ្ណចាក់វ៉ាក់សាំង គឺតម្រូវឱ្យធ្វើតេស្តរហ័ស ប៉ុន្តែប្រសិនបើមិនព្រមធ្វើតេស្តរហ័សនេះទេ គឺមិនឱ្យចូលទទួលទានអាហារ ឬស្នាក់នៅនោះឡើយ។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងហើយ គឺមានការលើកទឹកចិត្តបន្ថែមតាមរយៈការបញ្ចុះតម្លៃ ៥% ឬ ១០% ជាដើម។
ជាការសង្កត់ធ្ងន់របស់លោករដ្ឋមន្ត្រី ថោង ខុន កម្ពុជាត្រូវរៀនរស់ជាមួយកូវីដ មានន័យថា ប្រកបរបរ អាជីវកម្ម ការងារប្រចាំថ្ងៃបានផង រួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដនេះផង។ លោកថា កម្ពុជាមិនប្រកាន់នយោបាយ Zero Covid ដែលមានន័យថាចាំដល់អស់កូវីដទើបបើកសេដ្ឋកិច្ចឡើងវិញដូចបណ្ដាប្រទេសខ្លះនោះឡើយ។ ដូច្នេះដើម្បីអនុវត្តកិច្ចការនេះទៅបាន គឺត្រូវតែអនុវត្តតាមស្តង់ដា SOP ព្រមទាំងវិធានការ «៣-ការពារ ៣-កុំ» វិធានការសុខាភិបាលជាដើម ត្រូវពាក់ម៉ាស ត្រូវមានទឹកអាកុល ឬជែលលាងដៃ ត្រូវរក្សាគម្លាត រាល់ពេលទៅទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឬតំបន់ទេសចរណ៍ផ្សេងទៀត៕