(ថៃ)៖ តាមរយៈលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានប្រកាសឱ្យដឹងថា ភាគីថៃឯកភាពឱ្យដំណើរការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបត់-ណងអៀន ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។

ច្រកស្ទឹងបត់-ណងអៀន គឺជាច្រកអន្តរជាតិថ្មីមួយ ដែលកម្ពុជា និងថៃ បានឯកភាពកសាងឡើង ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទុកសម្រាប់បម្រើការធ្វើដំណើរតបស់អ្នកទេសចរ។

ដើម្បីបម្រើដល់ដំណើរការច្រកព្រំដែនអន្តរជាតិនេះ កម្ពុជា និងថៃ បានសាងសង់ស្ពានឆ្លងកាត់ព្រំដែនមួយខ្សែ ហើយបានសាងសង់អគាររដ្ឋបាលផ្សេងៗសម្រាប់ផ្តល់សេវានៅច្រកមួយនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ និងបើកការដ្ឋានសាងសង់អគាររដ្ឋបាលផ្សេងៗកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នទាំងភាគីកម្ពុជា និងថៃ កំពុងពន្លឿនការសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីផ្តល់សេវាលើការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ការសាងសង់បានរួចរាល់ស្ទើរតែទាំងស្រុងហើយផងដែរ។

ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បី ជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោក ជូរិន ឡាក់សាណាវីសិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនេះ បានជួបជជែកគ្នាបន្ថែម ដើម្បីពន្លឿនដល់ការបើកច្រកនេះ។ ការជួបគ្នាជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានសំណើរបស់លោក សុខ សុក្រឹត្យា សូមឱ្យភាគីថៃពន្លឿនការបើកច្រកនេះ នៅក្នុងជំនួបកាលពីខែកញ្ញា កន្លងទៅ។

លោកជំនួបនេះ ជូរិន ឡាក់សាណាវីសិត បានស្នើកម្ពុជាដើម្បីត្រៀមរៀបចំកុងតេនឺ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសម្រួលដល់ការបើកច្រកអន្តរជាតិស្ទឹងបត់-ណងអៀនជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២២។

ការបើកច្រកស្ទឹងបត់-ណងអៀននេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតំបន់ប៉ោយប៉ែតប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ៕