(រតនគិរី)៖ បន្ទាប់ពីបានបិទទ្វារប្រមាណជិត១ឆ្នាំ ព្រោះតែជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលបានសម្រេចឱ្យគ្រឹិះស្ថានសិក្សាទាំងរដ្ឋ និងឯកជនបានបើកទ្វារសិក្សាឡើងវិញហើយ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានសភាពធូរស្រាល បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ១៩នេះ នៅក្នុងថ្នាក់រៀន។
បន្ទាប់ពីបើកសាលារៀនទាំងរដ្ឋ និងឯកជនឱ្យសិស្សានុសិស្សបានចូលសិក្សាឡើងវិញនាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតា បិតា ព្រមទាំងអាណាព្យាបាលទាំងអស់ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះដំណើរបើកសាលារៀនឡើងវិញរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាព នៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងខេត្តរតនគិរីបានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនផងដែរ និងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្តិស្ដង់ដា។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។
បើតាមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី លោក ខាត់ សាម៉ាល់ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចាប់បើកដំណើរការគ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជនទូទាំងខេត្ត-រាជធានី។
លោកបានបន្តថា ការបើកដំណេីការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលជំងឺកូវីដ១៩ អាចគ្រប់គ្រងបានដោយកំណត់ការបង្រៀន និងរៀនតាមបណ្តុំ ពី១៥នាក់ ទៅ២០នាក់ ដោយបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។ហើយក្នុងនៅក្នុងសាលា មិនអនុញ្ញាតឱ្យមានការលក់ដូរនំចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សាទេ។
ជាមួយគ្នានេះ សិស្សានុសិស្សនៃវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្រុងបានលុងយុវតី សួស វណ្ណនីកា និងយុវតី រិត សៀវអាយ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឱ្យបេីកដំណេីរការសាលារៀនឡេីងនាពេលនេះ ដែលឱ្យពួកគេមានឱកាសសិក្សាជាមួយនឹងលោកគ្រូ-អ្នកគ្រូផ្ទាល់ ដោយការសិក្សាជាមួយលោកគ្រូ-អ្នកគ្រូផ្ទាល់គាត់អាចពន្យល់មេរៀនបានគ្រប់ជ្រុងជ្រោយ ពេលសិស្សមានចម្ងល់ក្នុងមេរៀន គឺមានការបកស្រាយពន្យល់ពីគាត់ភ្លាមៗ។
ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។
ការបើកសាលារៀនឡើងវិញ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក គន្លងថ្មីប្រកបដោយចីរភាព ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលក្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ៕