(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំ៣ខេត្ត ឱ្យបន្តអនុវត្តកិច្ចការងាររបស់ខ្លួនស្របទៅតាមតួនាទីភារកិច្ចដែលបានដាក់ចេញ ដើម្បីធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងឱកាសដែលរដ្ឋាភិបាលសម្រេចឱ្យបើកនូវដំណើរការឡើងវិញ លើផ្នែកគ្រប់វិស័យ ដើម្បីស្ដារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ទាប់ពីរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលបានអូសបន្លាយជាងពីរឆ្នាំមកនេះ។

ការស្នើបែបនេះ របស់លោកអភិបាលខេត្តស្ទឹងត្រែង បានធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក កែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី ដឹកនាំសមាជិក សមាជិកា ចូលជួបសម្តែងការគួរសម និងនាំយកលិខិតអបអរសាទររបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលិខិតអបអរសាទររបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី ជូនលោកក្នុងឱកាសដែលលោកត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែងថ្មី នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។

លោក កែវ សុទ្ធារិទ្ធ បានថ្លែងថា ការចូលជួបសំណេះសំណាលសម្តែងការគួសមជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះ គឺដើម្បីជម្រាបដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អំពីភារកិច្ច និងទិសដៅការងាររបស់សភាពាណិជ្ជកម្មកម្ពុជា និងដើម្បីបង្ហាញពីការគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែល ធ្វើឱ្យប្រទេសជាតិមានភាពរីកចម្រើម លើគ្រប់វិស័យ និងមានសុខសន្តិភាព។

លោក កែវ សុទ្ធារិទ្ធ បានបន្តថា ម៉្យាងទៀតការចូលជួបការចូលជួបសម្តែង ការគួសមជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ជាពិសេសលោក ស្វាយ សំអ៊ាង អភិបាលខេត្តនាពេលនេះ ក៏ជាការស្វាគមន៍ និងចូលរួមអបសារទរចំពោះ លោកដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង ថ្មីនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលជួបសម្តែងការគួសមរបស់សភាពាណិជ្ជកម្មកម្ពុជានាពេលនេះ និងបានបង្ហាញពីការខិតខំប្រឹងប្រែង ចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងកិច្ចការងារសង្គមនានារបស់សភាពាណិជ្ជកម្មកម្ពុជា នាពេលកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា ជាការពិតណាស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នទទួលបាននូវសុខសន្តិភាពក៏ដោយសារតែមានមេដឹកនាំឈ្លាសវៃ ប៉ិនប្រសព្វ និងចេះបត់បែនក្នុងការដឹកនាំប្រទេសឱ្យ ឆ្ពោះ ទៅរកសុខសន្តិភាពនិងការអភិវឌ្ឍន៍ ជាពិសេសក្រោមការដឹកនាំប្រកបភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានភាពរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ ព្រមទាំងថែរក្សាបាននូវសន្តិសុខ សន្តិភាពជូនជាតិ និងប្រជាជនបានយ៉ាងល្អ៕