(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង បានដឹកនាំកម្លាំងក្រោមឱវាទជាង៧០នាក់ ចុះជួយច្រូតកាត់ និងប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងខ្វះកម្លាំង និងមធ្យោបាយ បន្ទាប់ពីស្រូវពង្រួសដែលព្រួសលើផ្ទៃដីប្រមាណ៥ហិចតា បានហុចផល និងទុំដេកដួលក្រាលពេញវាលស្រែ។

ការដឹកនាំកម្លាំង ចុះជួយប្រមូលផលស្រូវប្រជាកសិកររបស់លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានធ្វើឡើងនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក, លោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ ក៏ដូចជាការដឹកនាំបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ជារៀងរាល់ឆ្នាំកងកម្លាំងរបស់អង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅទូទាំងយោធភូមិភាគទី១ តែងតែចូលរួមជាមួយប្រជាពលរដ្ឋ ក្នុងការចុះជួយច្រូតកាត់ ឬដកស្ទូង ជាពិសេស ជួយក្នុងគ្រាមានទុក្ខលំបាកផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដែលជាការដោះស្រាយការលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានបន្ថែមថា នៅពេលនេះលោកបានដាក់ចេញផែនការឱ្យបណ្តាអង្គភាពស្រុកទាំង៦ និងអង្គភាពវរសេនាតូចទាំង២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង និងការិយាល័យគ្រប់ផ្នែកទាំងអស់ ចូលរួមច្រូតកាត់រយៈពេល៥ថ្ងៃ ជួយច្រូតកាត់ស្រូវជូនប្រជាពលរដ្ឋ ដែលនៅជិតទីតាំងមូលដ្ឋានកងទ័ព។

មេបញ្ជាការតំបន់ បានបញ្ជាក់ថា «ថ្ងៃនេះកម្លាំង បានចុះជួយច្រូតកាត់ ប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ លើផ្ទៃដីទំហំ ៥ហិចតា ដោយមានកម្លាំង ៧០នាក់ និងនៅថ្ងៃស្អែកនេះ លោកឧត្តមសេនីយ៍ នឹងបង្កើនកម្លាំងបន្ថែមទៀត រហូតដល់៩០នាក់ ដើម្បីពន្លឿនការប្រមូលផលស្រូវនេះ ឱ្យឆាប់បានរួចរាល់ តាមផែនការ»

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋម្ចាស់ស្រែ សូមបន្តអនុវត្តន៍វិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំនានារបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កុំឱ្យបន្តឆ្លងមកខ្លួនយើង គ្រួសារយើង និងសហគមន៍ក្នុងខេត្តស្ទឹងត្រែងរបស់យើង៕