(កំពង់ឆ្នាំង)៖ លោកយាយ លោកតា ជាជនចាស់ជរា មានពិការភាពដោយសារជំងឺ និងបាត់បង់កាយសម្បទាចំនួន៣នាក់ បានទទួលអំណោយពីសប្បុរសជន តាមរយៈអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
លោក ឈាង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយមើលឃើញជីវិតរស់នៅរបស់លោកយាយលោកតាទាំង៣នាក់ខាងលើនេះ ជួបការលំបាកក្នុងជីវភាព។ា ម្យ៉ាងដោយពួកគាត់មានវ័យចាស់ជរា ហើយថែមទាំងមានជំងឺបាត់បង់កាយសម្បទាទៀតផងនោះ ទើបលោកបានកៀងគរដល់សប្បុរសជនដែលមានព្រះសង្ឃ និងរូបលោកផ្ទាល់ បានចំណាយនូវធនធានផ្ទាល់ខ្លួនបន្តិចបន្តួចទិញជាស្បៀង យកទៅជូនដល់លោកយាយលោកតាទាំង ៣នាក់ខាងលើនេះ ដើម្បីជាការជួយសម្រាលនៅជីវភាពប្រចាំថ្ងៃពួកគាត់បានខ្លះៗ តែប៉ុណ្ណោះ។
លោកបានបន្តថា អំណោយដែលបានយកមកចែកជូនដល់លោកយាយ លោកតាទាំង៣នាក់ថ្ងៃនេះ ទីមួយបានមកពីព្រះសង្ឃព្រះនាម ព្រះសីលាភិរ័ត ហែម ឡូត ររាជាគណៈ និងជាព្រះពិន័យគណខេត្តកំពង់ឆ្នាំង និងរូបលោកផ្ទាល់ ចែកជូនដល់លោកយាយលោកតាទាំង៣នាក់។
គឺលោកយាយទី១៖ ឈ្មោះ គឹម ហូយ អាយុ៦៦ឆ្នាំ មិនមានកូនចៅ (ក្រមុំចាស់) បច្ចុប្បន្ននៅចាំផ្ទះឱ្យគេ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ទី២៖ ឈ្មោះលោកយាយ ស៉ឹម ណុន អាយុ៧១ឆ្នាំ លោកយាយមិនមានកូនចៅប្ដីសីនោះទេ បច្ចុប្បន្នលោកយាយដេកឈឺនៅកន្ទេលងើបមិនរួច អស់រយៈពេល៣ឆ្នាំមកហើយ លោកយាយមានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
និងទី៣៖ លោកតាឈ្មោះ ព្រំ ឆុំ អាយុ៨៣ឆ្នាំ លោកតាពិការដៃទាំងសងខាង មានសមាជិកក្នុងបន្ទុកចំនួន៣នាក់ ស្រីម្នាក់ មានសតិបញ្ញាមិនគ្រប់និងមានជីវភាពលំបាក លោកតាមានទីលំនៅក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលៀប្អៀរ។
អំណោយដែលបានប្រគល់ជូនលោកតាលោកយាយដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន២ម៉ឺនរៀល។
នៅក្នុងឱកាសដែលលោកតាលោកយាយទទួលអំណោយពីម្ចាស់ទានខាងលើនេះ ពួកគាត់មានទឹកចិត្តរីករាយក្រៃលែង និងបានអរគុណដល់ម្ចាស់ទានទាំងអស់ ដែលលោកមានចិត្តសប្បុរសធម៌ បរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចែកជូនដល់ពួកគាត់ទាំងអស់ ដែលកំពុងតែជួបការលំបាកដោយសារតែពួកគាត់កំពុងមានជំងឺ និងមានវ័យចាស់ជរា ខណៈនោះដែរ ពួកគាត់ក៏មិនភ្លេចលើកដៃឧទ្ទិសបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដីដែលថែរក្សាព្រៃភ្នំទាំងឡាយ ជាពិសេសទេវតាឆ្នាំថ្មី សូមជូនពរជ័យដល់ម្ចាស់ទានទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕