(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាល ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចប្រចាំការនៅតាមច្រកទ្វារព្រំដែន កងកម្លាំងសមត្ថកិច្ចភាគីប្រទេសថៃ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
យោងទៅតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៤៦៤ប្រក ស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ បានសម្រេចដូចខាងក្រោម៖
*ទី១៖ ផ្ទេរភារកិច្ចលោក ឃឹម ទិព្វមុនី ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ឱ្យទៅកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។
*ទី២៖ ផ្ទេរភារកិច្ចលោក នាង ច័ន្ទថារ៉ា ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ឱ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។
*ទី៣៖ ផ្ទេរភារកិច្ចលោក មឿ ណារុង ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក។
*ទី៤៖ ផ្ទេរភារកិច្ចលោក ណាត ចាន់រ៉េត ឱ្យកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនស៊ួនស៊ុ (អូរអន្លក់) ស្រុកកំរៀង។
លោក សុខ លូ បានថ្លែងថា ដោយសារតែបញ្ហាការឆ្លងរីករាលនៃជំងឺកូវីដ១៩ មានការធូរស្បើយច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសបើកដំណើរការសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីមានការអាក់ខានដោយសារការផ្ទុះជាសហគមន៍កន្លងមកនេះ ហើយក៏ផ្ដល់ឱកាសក្នុងការរៀបចំពិធីផ្ទេរ និងប្រគល់ភារកិច្ច ដែលអាចជួបជុំគ្នាឡើងវិញ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ចប្រចាំការច្រក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្ដស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ឱ្យកាន់តែរឹងមាំ ក្នុងន័យដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ឬអំពើខុសច្បាប់នានា ដែលកើតមាននៅក្នុងតំបន់ព្រំដែនសមីរបស់ខ្លួន ដើម្បីរក្សានូវគុណប្រយោជន៍របស់ប្រទេសទាំងសង្ខាង ទាំងផ្នែកសន្ដិសុខសុវត្ថិភាព និងផ្នែកសន្ដិភាពប្រទេស។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តោតសំខាន់ផងដែរចំពោះបញ្ហាដែលកំពុងប្រឈមសព្វថ្ងៃ គឺបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ីសង ជាបញ្ហាដែលរដ្ឋបាលស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក ត្រូវតែពង្រឹងឱ្យ បានជាប់ជាប្រចាំ ដោយមិនត្រូវលែងដៃឡើយ ព្រោះល្បែងស៊ីសង ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន បង្កឱ្យមានអសន្ដិសុខសង្គម ធ្វើឱ្យកើនឡើងនូវអំពើលួចឆក់ប្លន់ កាប់សម្លាប់ បង្កភាពភ័យខ្លាចដល់ ប្រជាពលរដ្ឋ ធ្វើឱ្យការអនុវត្តខុសក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពមិនមានបានល្អផងដែរ៕