(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជំនួយម៉ាស៊ីនបាញ់សម្លាប់មេរោគកូវីដ១៩ មួយគ្រឿង និងទឹកថ្នាំសម្លាប់ មេរោគចំនួន៦០លីត្រ ពីសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្រាប់ការប្រើប្រាស់ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីត្រៀមបើកសាកលវិទ្យាល័យឡើងវិញកម្រិតសាកល្បង។
នៅក្នុងពិធីប្រគល់-ទទួល ជំនួយសម្ភារវេជ្ជសាស្ត្រនេះ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងអរគុណដល់សង្គមស៊ីវិលទាំងពីរ ដែលតែងតែបានគាំទ្រ និងចូលរួមចំណែកបំពេញតម្រូវការជាក់ស្តែងរបស់សាកលវិទ្យាល័យ ជាពិសេសនៅគ្រាដែលសាកលវិទ្យាល័យ កំពុងរៀបចំបើកដំណើរ ការឡើងវិញ។
លោក សុខ ឃន ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ បុគ្គលិកសិក្សា និងនិស្សិតទាំងអស់ ចូលរួមឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតាមវិធានការសុខាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣កុំនិង ៣ការពារ» និងបានសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាលចូលរួមសហការ និងបម្រើសេវាថែទាំសុខភាពជូនដល់សិស្សនិស្សិត បុគ្គលិក និងមន្រ្តីរាជការ នៃសាកលវិទ្យាល័យជាតិ បាត់ដំបងផងដែរ។
លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់ព្រះតេជគុណ Zhao Xin អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងបានលើកទឹកចិត្តដល់បណ្តាសង្គមស៊ីវិលនានានៅកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង និងជាមួយផ្នែកសុខាភិបាល ក្នុងការចូលរួមចំណែកជួយទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីធានាដល់បរិស្ថានដែលគ្មានការចម្លងជំងឺកូវីដដ៏កាចសាហាវនេះ។
លោក ជា មុនីឫទ្ធិ បានបន្ថែមថា សមាគមនឹងបន្តបេសកកម្មជាមួយបណ្តាសង្គមស៊ីវិល សហគ្រាស ក្រុមហ៊ុន និងវិនិយោគិនជនជាតិចិន ដើម្បីកៀរគរជំនួយបន្តបន្ទាប់ ទៀត ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹង និងទន់របស់សាកលវិទ្យាល័យជាតិបាត់ដំបង។
គួររលឹកដែរថា ក្រោមការដឹកនាំរបស់លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងនៃសាកលវិទ្យាល័យជាតិ បាត់ដំបង សាកលវិទ្យាល័យបាននិងកំពុងធ្វើកំណែទម្រង់លើការគ្រប់គ្រង ការបណ្តុះបណ្តាល និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា ដោយទទួលបានលទ្ធផល គួរជាទីមោទនភាព និងបានទទួលការគាំទ្រពីនិស្សិត មន្រ្តីរាជការ បុគ្គលិក និងសាធារណៈជននៅក្នុងខេត្តបាត់ដំបងនេះផងដែរ៕