(ភ្នំពេញ)៖ កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា នាចុងឆ្នាំ២០២១ ក្នុងក្រុងព្រះសីហនុ ដែលនឹងក្លាយជាពិធីធំលើកដំបូងរបស់កម្ពុជា ក្រោយបើកប្រទេសឡើងវិញនាដើមខែវិច្ឆិកានេះ បន្ទាប់ពីការរាលដាលដោយជំងឺកូវីដ១៩។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នៅកម្ពុជា នឹងប្រព្រឹត្តទៅជាមួយវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៅក្នុងខេត្តព្រះសីហនុនោះផងដែរ។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១នេះ ផ្តោតសំខាន់លើការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃសមុទ្ទពិភពលោក។
បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន បានបញ្ជាក់ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានឹងប្រព្រឹត្តទៅនាថ្ងៃទី១ និង២ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «Charting a New Decade of Hope-Healthy Oceans, People and Economy» មានន័ថា បង្កើតទសវត្សថ្មីសម្រាប់សុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច។
ប្រទេសដែលនឹងចូលរួមក្នុងវេទិកានេះមានជាង១០ប្រទេស មកពីខាងក្រៅដូចជា៖ ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងប្រទេសជាច្រើនដទៃទៀត។
មហាសន្និបាតសមុទ្រអាស៊ីបូព៌ានាចុងឆ្នាំ២០២១នេះ ត្រូវបានគេធ្វើចេញពីខេត្តព្រះសីហនុ ដែលមានឆ្នេរស្អាតបំផុតនៅលើពិភពលោក និងបច្ចុប្បន្នកំពុងក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង របស់កម្ពុជា ហើយទីក្រុងនឹងក្លាយជាទីក្រុងអភិវឌ្ឍន៍នៃពហុជាតិសាសន៍។
តាមកម្មវិធីនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ដែលទទួលបានពីក្រសួងបរិស្ថាន បានឱ្យដឹង ថា មហាសន្និបាតសមុទ្រនេះ នឹងចែករំលែកមេរៀននិងបទពិសោធន៍ ដើម្បីនិរន្តរភាពនៃបរិស្ថាន តំបន់ឆ្នេរ និងសមុទ្រ ក៏ដូចជារួមគ្នាបង្កើត និងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រង និងកំណត់ផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទសវត្សរ៍ខាងមុខ។
មហាសន្និបាតនេះ ជាឱកាសសម្រាប់កម្ពុជា បង្ហាញការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមជាមួយការប្តេជ្ញាចិត្តខ្ពស់លើការគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍន៍ ដោយចីរភាព។ ជាមួយគ្នានេះ ក៏ជាឱកាសដើម្បីបង្កើត និងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែល មានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តរភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ដោយអនុញ្ញាតឱ្យក្រសួងបរិស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ារយៈពេល២ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ នៅខេត្តព្រះសីហនុ តាមប្រព័ន្ធអនឡាញ និងជំនួបផ្ទាល់ដោយអនុវត្តតាមវិធានសុខាភិបាល។
តាមការបញ្ជាក់ពីក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រធានបទសំខាន់ៗដែលនឹងត្រូវដាក់ក្នុងមហាសន្និបាតនេះ រួមមាន៖ ការអនុវត្តន៍សេចក្តីសម្រេចកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១២, ការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍប្រកបដោយនិរន្តរភាពតំបន់សមុទ្រនៅអាស៊ីបូព៌ា, សេចក្តីព្រាងក្របខ័ណ្ឌផែនទីបង្ហាញផ្លូវឆ្នាំ២០៣០, ផែនការអភិវឌ្ឍន៍សមត្ថភាពឆ្នាំ២០២១-២០៣០, សេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រី្តបណ្តាប្រទេសសមាជិកតំបន់សមុទ្រនៅអាស៊ីបូព៌ា, និងរបាយការណ៍បច្ចុប្បន្នភាពនៃផលប៉ះពាល់ដោយសារកូវីដ-១៩ លើការងារប្រតិបត្តិ និងថវិកា របស់អង្គការភាពជាដៃគូ ក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រអាស៊ីបូព៌ា និងគម្រោងដៃគូអភិវឌ្ឍន៍ ជាដើម។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣មក មហាសន្និបាតសមុទ្រអាស៊ីបូព៌ា បានបំពេញតួនាទីជាវេទិកា ដ៏សំខាន់មួយក្នុងការប្រមូលផ្តុំគំនិតស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសមុទ្រពិភពលោក ក្នុងតំបន់ ដែលមានការរីកចម្រើនដ៏ឆាប់រហ័ស។ ព្រឹត្តិការណ៍៣ឆ្នាំម្តងនេះ បានផ្តល់នូវវេទិកាសម្រាប់ កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី និងអ្នកបច្ចេកទេសកម្រិតខ្ពស់ រួមជាមួយឱកាសសម្រាប់ការចែករំលែក ចំណេះដឹង និងការបង្កើតបណ្តាញការងាររវាងអង្គការអន្តរជាតិ ធនាគារ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍អ្នកវិទ្យាសាស្ត្រ ក្រុមយុវជន ក្រុមហ៊ុនឯកជន គ្រឹះស្ថានសិក្សានិងស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍៕