(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ថា ការវិនិច្ឆ័យទោសលើជនជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ត្រូវបានធ្វើឡើងដោយមានការគិតគូរ និងពិចារណាយ៉ាងហ្មត់ចត់លើផលប្រយោជន៍អនីតិជន ហើយត្រូវបានបន្ធូបន្ថោយទោសចំពោះរូបគេផងដែរ ដែលផ្ទុយស្រឡះពីទស្សនៈរបស់ក្រុមអង្គការសិទ្ធិមនុស្សលើកឡើង។

ជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ ដែលជាកូនប្រុសរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ ដែលប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១១ និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានសរសេរសារមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម។

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៨ខែ តែសម្រេចឱ្យឃុំខ្លួនក្នុងពន្ធនាគារត្រឹម៤ខែកន្លះ ហើយទោសនៅសល់ត្រូវព្យួរសាកល្បង ដោយតម្រូវឱ្យទណ្ឌិតគោរពវិធានការត្រួតពិនិត្យមួយចំនួន។ យុវជនរូបនេះ នឹងត្រូវដោះលែងពីពន្ធនាគារវិញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ។

ក្រោយការសម្រេចនេះ បានមានការរិះគន់មួយចំនួនពីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ព្រមទាំងអាណាព្យាបាលរបស់យុវជនរូបនេះផងដែរ។

បំភ្លឺទៅនឹងការលើកឡើងទាំងនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា តុលាការបានធ្វើការវិនិច្ឆ័យដោយមានការគិតគួរពិចារណាយ៉ាងហ្មត់ចត់លើផលប្រយោជន៍អនីតិជន ហើយបានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដាក់ពន្ធនាគារកំណត់ទណ្ឌកម្មត្រឹមពាក់កណ្តាលនៃទោសដែលច្បាប់បានកំណត់ ចំពោះនីតិជន ហើយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារតែមួយផ្នែកប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរសាកល្បង ដោយតម្រូវឱ្យទណ្ឌិតគោរពវិធានការត្រួតពិនិត្យមួយចំនួន។

អ្នកនាំពាក្យបានបន្ថែមថា ជននេះ ត្រូវបានសមត្ថកិច្ចធ្វើការណែនាំអប់រំ ដោយមិនបានចោទប្រកាន់តាមនីតិវិធីតុលាការនោះទេ ព្រោះយល់ថាជាអនីតិជន ដែលបានប្រព្រឹត្តអំពើនេះជាលើកដំបូង ប៉ុន្តែជននេះនៅតែមិនកែប្រែខ្លួន ទើបមានវិធានការតាមផ្លូវច្បាប់ចំពោះករណី លើកទី២នេះ។

ដោយឡែកចំពោះការលើកឡើងថា ជននេះមានជំងឺ អូទីហ្ស៊ីម ជាការអះអាងផ្ទាល់ខ្លួន ដោយពុំមានបង្ហាញ ភស្តុតាងបញ្ជាក់ គ្មានសំបុត្រពេទ្យ ឯកសារដែលធ្លាប់ព្យាបាល និងគ្មានលិខិតកោសលវិច័យនោះទេ។ តុលាការបានធ្វើការពិនិត្យកាយសម្បទា និងសាកសួរអំពីការយល់ដឹងជាទូទៅរបស់ជននេះ គឺមានសភាពធម្មតាដូចក្មេងដទៃ ដោយពុំមានសភាពមិនប្រក្រតីដូចការលើកឡើងរបស់ក្រុមគ្រួសារនោះទេ៕