(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំប្រជុំក្រុមការងារដើម្បីរកបញ្ហាប្រឈម និងដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយនេះ។

ការប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ។

លោកស្រី ឃួន ឃុនឌី បានស្នើឲ្យក្រុមការងារចុះមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ។ ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួម អនុវត្តគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកស្រីបន្តថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។

បន្ថែមពីនេះទៀត លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ប្រាប់ទៅមន្ត្រីមូលដ្ឋានត្រូវពង្រឹងសមាជិកចាស់ពង្រីកសមាជិកថ្មី ត្រូវមានការសាមគ្គីភាពជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជន។ ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី និងក្រុមការបានផ្តល់ជូនម៉ាសចំនួន១៥ប្រអប់ និងអ្នកចូលរួមចំនួន៥៥នាក់ ដោយក្នុង១នាក់ ទទួលបាននូវសារុង១ ក្រមា១ និងថវិកា២ម៉ឺនរៀលផងដែរ៕