(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក Golden Fortune Derivatives Exchange ជាសាក្ខីភាពនៃការអភិវឌ្ឍន៍ ឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរ ការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា, លោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន និងលោកមាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ឈរ បូរី ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ស៊ូ សុជាតិ តាំងនាមឲ្យនិយ័តករមូលបត្រកម្ពុជា បានសម្ដែងនូវការអបរអរសារទរ ចំពោះក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក មិនត្រឹមតែជាក្រុមហ៊ុនមូលបត្រ ចូលរួមក្នុងការជួញដូរ ពាក់ព័ន្ធជាមួយនឹងភាគហ៊ុន ឬអាជ្ញាបណ្ណទេ តែពេលនេះ ក្លាយជាប្រតិបត្ដិករមួយ ដែលផ្ដល់វេទិកាជួយដូរ សម្រាប់ឧបករណ៍និស្សន្ទទៀត។

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា «ជាការពិតណាស់ការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក (Golden Fortune Derivatives Exchange) គឺជាសាក្ខីភាពនៃការអភិវឌ្ឍន៍ ឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា»

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ បានឲ្យដឹងផងដែរថា វេទិកាជួញដូរសម្រាប់ឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមទីផ្សារដំបូង នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ ទំហំទីផ្សារក្បែរ៥លានដុល្លារ ប៉ុន្ដែរហូតដល់ឆ្នាំ២០១៩ ឡើងដល់ក្បែរ៥០០លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ ដោយសារតែកូវីដ-១៩ វាថយបន្ដិច ប៉ុន្ដែវានៅក្នុងទំហំក្បែរ៤០០លានដុល្លារ។

បន្ថែមពីនោះទៀត លោក ស៊ូ សុជាតិ ជឿជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា មិនខុសអំពីអ្វីដែលសម្រេចបាន នៅក្នុងឆ្នាំ២០២០ដែរនោះទេ គឺនៅចន្លោះ ពី៤០០លានដុល្លារ ទៅ៥០០លានដុល្លារ ក្នុងមួយឆ្នាំ។

ក្នុងឱកាសនោះ លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន ហ្គោលដេន ហ្វ័រឃុន ឌីរីវេធីវ អ៊ិកឆេន ឯ.ក ក៏បានរាយការណ៍អំពីសាវតា និងសមិទ្ធផលមួយចំនួន របស់ក្រុមហ៊ុន Golden Fortune (Cambodia) Securities និង ក្រុមហ៊ុន Golden Fortune Derivatives Exchange កន្លងមក ក្រុមហ៊ុន Golden Fortune (Cambodia) Securities ត្រូវបានបង្កើតដំបូងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១០ ជាក្រុមហ៊ុនហិរញ្ញវត្ថុដែលត្រូវបានចុះបញ្ជី ក្នុងក្រសួងពាណិជ្ជកម្មលេខ 00009921។

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈទីផ្សារមូលបត្រ ក្រុមហ៊ុន Golden Fortune (Cambodia) Securities ក៏បានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ពាណិជ្ជករមូលបត្រទៅគណៈកម្មការមូលបត្រកម្ពុជាក្នុងឆ្នាំ២០១០។ យោងតាមការវាយតម្លៃដ៏ល្អិតល្អន់របស់គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន Golden Fortune (Cambodia) Securities ត្រូវបានផ្តល់អាជ្ញាបណ្ណជាក្រុមហ៊ុនពាណិជ្ជករមូលបត្រជាលើកដំបូងពីគណៈកម្មការមូលបត្រកម្ពុជា។

ក្រោយពីទទួលបានអាជ្ញាបណ្ណនេះ ក្រុមហ៊ុន GoldenFortune (Cambodia) Securities បានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយសម្រួលនូវការជួញដូរមូលបត្រ
ក្នុងទីផ្សារមូលបត្រកម្ពុជា រវាងអ្នកវិនិយោគិនដែលមានចំណាប់អារម្មណ៍លើការវិនិយោគមូលបត្រ រហូតមកដល់ពេលបច្ចុប្បន្ន មានអ្នកវិនិយោគិនជាច្រើន បានបើកគណនីជួញដូរមូលបត្រជាមួយក្រុមហ៊ុនរួចជាស្រេចហើយ នេះជាសមិទ្ធផលមួយដ៏ធំធេងក្នុងការចូលរួមចំណែកក្នុងវិស័យមូលបត្រកម្ពុជា។

ក្នុងឆ្នាំ២០១៦ គឺជាឆ្នាំនៃការដាក់ឱ្យដំណើរការជាលើកដំបូងនៃទីផ្សារឧបករណ៍និស្សន្ទនៅព្រះរាជាណាចក្រកម្ពុជា និងដោយមើលឃើញនូវវឌ្ឍនភាព ដ៏ធំធេងនៃទីផ្សារនេះ និងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យនេះផង ក្រុមហ៊ុន Golden Fortune (Cambodia) Securities ក៏បានស្នើសុំអាជ្ញាបណ្ណ
ឈ្មួញជើងសាឧបករណ៍និស្សន្ដបន្ថែមមួយទៀត លើអាជ្ញាបណ្ណពាណិជ្ជករមូលបត្រដែលមានស្រាប់ពីគណៈកម្មមូលបត្រកម្ពុជា។

យោងតាមការវាយតម្លៃដ៏ល្អិតល្អន់របស់គណៈកម្មការមូលបត្រកម្ពុជា និងសមិទ្ធផលកន្លងមករបស់ ក្រុមហ៊ុនGolden Fortune (Cambodia) Securities អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទត្រូវបានផ្តល់ដោយគណៈកម្មការមូលបត្រកម្ពុជាក្នុងឆ្នាំ២០១៨ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏ទទួលបានអាជ្ញាបណ្ណបន្ថែមមួយទៀត ជាក្រុមហ៊ុនចែកចាយមូលបត្រក្នុងដំណាក់កាលបោះផ្សាយមូលបត្រជាសាធារណៈ។

ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុន Golden Fortune (Cambodia) Securities បានបន្តតួនាទីថ្មីមួយទៀតជាអ្នកជួយសម្រួលដល់អ្នកវិនិយោគិនក្នុងការជួញ
ដូរឧបករណ៍និស្សន្ទក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ចំណេះដឹងនៃការជួញដូរ ការវិភាគទីផ្សារអន្តរជាតិ និងការផ្តល់វេទិការជួញដូរដល់អ្នកវិនិយោគិន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួញដូរឧបករណ៍និស្សន្ទ។

ដោយឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍន៍វិស័យឧបករណ៍និស្សន្ទ របស់លោកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងលោកស្រី មាស សុភារី ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Golden Fortune (Cambodia) Securities ក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងគឺក្រុមហ៊ុន Golden Fortune Derivatives Exchange។ ក្រុមហ៊ុន Golden Fortune Derivatives Exchange ជាក្រុមហ៊ុនហិរញ្ញវត្ថុដែលត្រូវបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ និងទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុនសមភាគីកណ្តាល ពីនិយ័តករមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០២១ថ្មីៗនេះ។

ក្រុមហ៊ុន GoldenFortune Derivatives Exchange ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍវិស័យជួញដូរ ឧបករណ៍និស្សន្ទ បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជម្រុញ តាមរយៈក្របខណ្ឌយុទ្ធសាស្រ្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការចូលរួមចំណែក របស់ក្រុមហ៊ុន Golden Fortune Derivatives Exchange ពិតនឹងក្លាយទៅជាកម្លាំងចលករសេដ្ឋកិច្ចមួយបន្ថែមទៀត សម្រាប់ពនឿន ដល់វិស័យជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ឲ្យកាន់តែខិតទៅជិតប្រទេសអភិវឌ្ឍន៍ទៀតៗក្នុងតំបន់ និងពិភពលោក ដោយសារក្រុមហ៊ុន Golden Fortune Derivatives Exchange ធ្វើប្រតិបត្តិការដោយឈរលើជំហរស្នូលទាំងប្រាំគឺ ទំនុកចិត្ត សុចរិតភាព តម្លាភាព ការច្នៃប្រឌិតថ្មី និងវឌ្ឍនភាព៕