(ព្រះសីហនុ)៖ រដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខណៈខេត្តជាប់សមុទ្រមួយនេះ ជាតំបន់ដែលជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារផ្នែកធំនៃវិស័យពាណិជ្ជកម្ម ភស្តុភារ និងទេសចរណ៍ជាដើម។ល។

ដូច្នេះ ដើម្បីឱ្យខេត្តជាប់មានឆ្នេរមួយនេះប្រកបដោយសក្តានុពល រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក គួច ចំរើន ជាអភិបាលខេត្ត បានខិតខំកែប្រែមុខមាត់ខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ពោលគឺការរៀបចំតំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ លែងមានសំរាមទៀតហើយ ខណៈបច្ចុប្បន្នបុគ្គលិកអនាម័យរបស់ខេត្តព្រះសីហនុ ចុះសម្អាតជារៀងរាល់ថ្ងៃ ដើម្បីរក្សាបានបរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាព ដែលទាក់ទាញដល់ភ្ញៀវទេសចរ។

ស្ថានភាពថ្មីរបស់ខេត្តក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ឆ្លុះបញ្ចាំងពីមហិច្ឆតារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្ត និងរាជធានី ឱ្យក្លាយជាតួអង្គសំខាន់មួយ សម្រាប់ការផលិត និងពាណិជ្ជកម្មដែលជំរុញការនាំចេញ។ ជាមួយនឹងការវិនិយោគកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្ត ខេត្តព្រះសីហនុ ក្លាយជាទីតាំងដ៏ទាក់ទាញបំផុតមួយសម្រាប់ការវិនិយោគបរទេសចូលមកកម្ពុជា។

បើតាមលោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅតាមឆ្នេរនានាក្នុងខេត្តព្រះសីហនុ មានកាកសំណល់តិចតួចប៉ុណ្ណោះ ហើយភាពស្អាតនេះ ដោយសារកត្តា២យ៉ាង ដែលកត្តាទី១ គឺមកពីការយល់ដឹងពីការវេចខ្ចប់ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋដែលដើរកម្សាន្តនៅទីនោះ និងកត្តាទី២ ការរួមគ្នាសម្អាតរបស់មន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុមានដូចជាមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីនៃមន្ទីរទេសចរណ៍ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ជាដើម។

ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងអំឡុងដំណើររៀបចំមហា សន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ឆ្នាំ២០២១នេះ លោក អ៉ី សុខឡេង បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសក្រុមហ៊ុនចំនួន២ ដើម្បីធ្វើការប្រមូលសំរាម ដោយមានបុគ្គលិកអនាម័យចំនួន៣២០ នាក់ សម្រាប់ដើរសម្អាតឆ្នេរ និងធ្វើការលើការប្រមូលសំរាមនៅតាមឆ្នេរ និងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងព្រះសីហនុ និងមានរថយន្តដឹកសំរាមទៅកាន់ទីលានចាក់ចោលចំនួន១០៨គ្រឿង។

លោកបន្តថា រដ្ឋបាលក្រុង បានកំណត់ឱ្យប្រជាពលរដ្ឋបញ្ចេញសំរាមរបស់ខ្លួន ទៅទុកដាក់នៅតាមទីតាំងដែលបានកំណត់នៅពេលយប់ ចាប់ពីម៉ោង៧យប់ដល់ម៉ោង ៣ទៀបភ្លឺ ដើម្បីងាយស្រួលធ្វើការប្រមូលដឹកជញ្ជូនទៅចាក់ចោលនៅទីលាន បើពុំដូច្នេះទេ នឹងត្រូវទទួលរងការពិន័យ ចន្លោះពី២ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ខណៈភាពយឺតយ៉ាវរបស់ក្រុមហ៊ុនក្នុងប្រមូលសំរាម ក៏ត្រូវបានកំណត់ការពិន័យទៅតាមកិច្ច សន្យាជាមួយរដ្ឋបាលក្រុង។

ដោយឡែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា រថយន្តដឹកសំរាមរបស់ក្រុម ហ៊ុនទាំងអស់ ត្រូវបានបំពាក់ប្រព័ន្ធតាមដាន GPS ខណៈកាកសំណល់សំរាម ក្នុងក្រុងព្រះសីហនុ មានចន្លោះពី៣៥០ ទៅ៤០០តោន ក្នុងមួយថ្ងៃ។

លោកបានបន្តថា បរិមាណសំរាមតាមឆ្នេរនៅថ្ងៃធម្មតា គឺមានតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅថ្ងៃបុណ្យធំៗវិញ មានចំនួនកើនឡើងទ្វេដង ដែលចំណុចនេះ ទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាបុគ្គលិកក្រុមហ៊ុន ត្រូវសហការគ្នាចុះប្រមូលឱ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវបរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាពដល់ភ្ញៀវទេចរ។

ដោយឡែកលោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុក ដាក់សំណល់រឹងសំរាមទីប្រជុំ ជនខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នកាកសំណល់សំរាម ដែលប្រមូលបានពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ មានចន្លោះពី៤០០ ទៅ៥០០តោន ក្នុងមួយថ្ងៃ ហើយត្រូវបានយកទៅចាក់ ចោលនៅទីលានចាក់សំរាមលំដាប់ស្តង់ដារបច្ចេកទេសថ្មី ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយចុះពីផ្លូវជាតិលេខ៤ ប្រមាណ៣គីឡូម៉ែត្រ។

តាមការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្ត្រា រដ្ឋលេ ខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទីលានចាក់សំរាមតាមបទដ្ឋានបច្ចេកទេសលើក ដំបូងនៅក្នុងខេត្តព្រះសីហនុ ក្នុងដំណាក់កាលទី១ ត្រូវបានជីករណ្ដៅចំនួន៤ផ្សេងៗគ្នា លើទំហំដីជាង៥ហិកតា ដែលអាចកាយកប់សំរាម៧ស្រទាប់ និងមានកម្ពស់២១ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាមជិត១លានតោន ក្នុង រយៈពេល៥ឆ្នាំ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «យើងបានរៀបចំបង្កើតប៉ម និងដាក់ឆ្មាំឃ្លាំ មើលដល់អ្នកទេសចរចុះលេងទឹកសមុទ្រ និងបានរៀបចំដាក់ពោងរនាំងការពារនៅតំបន់មាត់សមុទ្រ ដែលជាកន្លែងចុះលេងទឹករបស់អ្នកទេសចរ។ ការធ្វើប៉មនេះ អាចជួយសង្រ្គោះដល់ភ្ញៀវទេសចរ ក្នុងករណីកើតមានឧប្បត្តិហេតុណាមួយកើតឡើង»

លោក គួច ចំរើន បានបន្តថា ការដាក់ឆ្មាំ និងការកំណត់ព្រំដែនសម្រាប់អ្នក លេងទឹកនេះ គឺដើម្បីធានាសុវត្ថិភាព ក៏ដូចជាផ្តល់ទំនុក ចិត្តដល់ភ្ញៀវទេសចរ ដែលចូលទៅកម្សាន្តនៅតំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ពិសេសដល់អ្នក ទេសចរចុះលេងទឹក។
លោកអភិបាលខេត្ត បានឱ្យដឹងថា មកដល់ពេលនេះ គឺមន្ត្រីជំនាញកំពុងសាងសង់ប៉មឆ្មាំសមុទ្រ ចំនួន១២កន្លែងបន្ថែមទៀត ដើម្បី ត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋ និងអ្នកទេសចរបរទេស នៅពេលមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

បើតាមលោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ប៉មសម្រាប់ឆ្មាំឈររង់ចាំការពារសុវត្ថិភាពអ្នកទេសចរនេះ ត្រូវបានរៀបចំទៅតាមស្ថានភាពជាក់ស្តែង ខណៈមិនទាន់រកបានគ្រប់ គ្រាន់នូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការជួយសង្គ្រោះ នៅពេលអ្នកទេសចរជួបគ្រោះថ្នាក់ដោយសារការលេងទឹកបាននៅឡើយ ខណៈនឹងបញ្ជូនមន្ត្រីឱ្យទៅរៀនផ្នែកសង្គ្រោះករណីលង់ទឹកឱ្យបានជាង២០នាក់បន្ថែមទៀត។

លោកអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរត្រូវបង្កើនការប្រុងប្រយ័ត្ន នៅពេលចុះលេងទឹកនៅទីតាំងណាមួយ ត្រូវមានពោងសុវត្ថិភាព និងកុំចុះលេងទឹកសមុទ្រ នៅកន្លែងណាដែលមានរលកធំៗ និងទឹកជ្រៅ។ បន្ថែមពីនេះសម្រាប់អាជីវករលក់ដូរនៅ តាមឆ្នេរត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន តាមទីតាំងរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ព្រោះបរិស្ថានស្អាត អាចទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលបានថែមទៀត ដោយសារភ្ញៀវត្រូវការភាពស្អាត និងបរិស្ថានល្អ៕