(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មី ដែលមានតម្លៃជាង ៨០ម៉ឺនដុល្លារពីរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង គូសាណូណិ និងជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

សមិទ្ធផលថ្មី ស្ថិតក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ រួមមានផ្លូវរត់អត្តពលកម្ម តាមរយៈជំនួយឥតសំណងគូសាណូណិ ដែលមានតម្លៃរុប ៩០,៦៤០ដុល្លារ ព្រមទាំងអាងហែលទឹក និងអគារធ្វើលំហាត់ប្រាណ ដោយបំពាក់សម្ភារៈបរិក្ខារជាមួយនឹងសម្ភារៈកីឡាមួយចំនួន ដូចជាក្ដារស្នោហែលទឹក កម្រាលយ៉ូហ្គា Balance Ball បាល់ទាត់ បាល់ទះ បាល់បោះ គ្រាប់ប៊ូល តុវាយកូនឃ្លីលើតុ និងថវិកាសម្រាប់ធ្វើឧបកករណ៍រក្សាទុកខ្សែបន្ទាត់អាងហែលទឹក ដែលជាជំនួយឥតសំណងសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចាប់ពីឆ្នាំ២០១៩-២០២១ មានតម្លៃរុប ៧២១,៥០៥.៨៦ដុល្លារ។

រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារថ្មីៗរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយៈគម្រោងគូសាណូណិ និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឲ្យក្លាជាគ្រឹះស្ថានឧត្តមសិក្សានាពេលអនាគត។

លោកបន្ដថា «ការអភិវឌ្ឍនេះ បម្រើដល់ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា ប្រកបដោយប្រសិទ្ធភាព ជាពិសេសមិនត្រឹមតែប្រើប្រាស់ក្នុងការបង្ហាត់បង្រៀនដល់ក្មួយៗគរុសិស្ស គរុនិស្សិតនូវមុខវិជ្ជាអត្តពលកម្ម ហែលទឹក និងការធ្វើលំហាត់ប្រាណ ដោយប្រើប្រាស់ឧបករណ៍លំហាត់ប្រាណបានត្រឹមត្រូវ និងស្ដង់ដា ក្លាយជាគ្រូអប់រំកាយ និងកីឡា ដែលពោរពេញដោយសមត្ថភាពទៅបម្រើការងារតាមរាជធានី-ខេត្តប៉ុណ្ណោះទេ តែហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់បុគ្គលិកអប់រំទាំងអស់ សិស្សានុសិស្ស និងសាធារណៈជននានា ដើម្បីធ្វើលំហាត់ប្រាណ ដើម្បីសុខភាព ដែលនេះដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡាទៀតផង»

ឆ្លៀតឱកាសនោះដែរលោក Mikami Masahiro បានបង្ហាញសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍកាន់តែរីកចម្រើននៃវិស័យអប់រំកាយនៅកម្ពុជា ដោយរំពឹងថា «ខ្ញុំសង្ឃឹមយ៉ាងស្មោះអស់ពីដួងចិត្ដថា ផ្លូវរត់អត្តពលកម្ម អាងហែលទឹក និងកន្លែងហាត់ប្រាណនៅ NIPES (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) នឹងត្រូវបានប្រើប្រាស់យូរអង្វែង និងជានិមិត្តរូបមិត្ដភាពរវាងប្រជាជនជប៉ុន និងកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រទេសជប៉ុននឹងគាំទ្រជាបន្ដបន្ទាប់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ ដែលរួមចំណែកដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់ប្រជាជនកម្ពុជាផងដែរ»