(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានគាំទ្រការដំឡើងពន្ធថ្នាំជក់ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងសុខភាពប្រជាពលរដ្ឋ ដោយអង្គការនេះបានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលពន្ធបន្ថែមយ៉ាងក្រាស់ក្រែលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។

អង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ទៀតថា កម្ពុជានឹងទទួលចំណូលពន្ធបន្ថែម២៣៥លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធដល់៧៥%នៃតម្លៃបារីលក់រាយ (ការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០១៨)។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាហូតពន្ធថ្នាំជក់ត្រឹមតែ២៥% និង៣១% ដែលជាអត្រាទាបបំផុតធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន។ ផ្ទុយទៅវិញ កម្ពុជាបានខាតបង់ប្រាក់ចំណូលពន្ធក្នុងទំហំទឹកប្រាក់២៧៩.៦ពាន់លានរៀលនៅក្នុងឆ្នាំ២០១៩ និងទឹកប្រាក់៥៣២.៣ពាន់លានរៀលក្នុងឆ្នាំ២០២០ ដោយសារខកខានមិនបានដំឡើងពន្ធបារីបន្ថែម៥០០រៀលក្នុងមួយកញ្ចប់ និង១០០០រៀលក្នុងមួយកញ្ចប់រៀងគ្នា នេះបើយោងតាមការស្រាវជ្រាវមួយរបស់សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំ២០១៨។

មិនត្រឹមតែខាតចំណូលពន្ធរដ្ឋ ការជក់បារីក៏បានបង្កឱ្យមានជំងឺផ្សេងៗជាច្រើន រួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។

ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់គាំទ្រការដំឡើងពន្ធថ្នាំជក់ដើម្បីកាត់បន្ថយហានិភ័យសុខភាព និងបង្កើនចំណូលពន្ធជាតិ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យ ដែលចេញផ្សាយនៅឆ្នាំ២០២១នេះបានបង្ហាញថា ប្រជាជនកម្ពុជារហូត៩៤%គាំទ្រឱ្យមានការដំឡើងពន្ធថ្នាំជក់ ពោលគឺគាំទ្រឱ្យដំឡើងដល់៦២%នៃតម្លៃលក់រាយ ដែលស្មើនឹង២ដងនៃពន្ធថ្នាំជក់បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែជំងឺបង្កឡើងដោយសារការប្រើប្រាស់ថ្នាំជក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិ៦៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសកម្ពុជា៕