(ភ្នំពេញ)៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណៈសង្គមនិយមវៀតណាមថ្មីប្រចាំនៅកម្ពុជា ត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាត និងទទួលឲ្យចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃប្រទេសវៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការ នៃប្រទេសទាំងពីរដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ព្រមទាំងបានលើកឡើងអំពីស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលបានចូលរួមក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការរំដោះភាគខាងត្បូងផងដែរ។

លោកស្រី ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្មរបស់លោកអគ្គរដ្ឋទូតថ្មី នាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន តាមរយៈនៃការសង្ឃឹមទុកថា នឹងមានការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ ប្រសិនបើបញ្ហាជំងឺកូវីដ១៩ នឹងថមថយតាមរយៈការគ្រប់គ្រងការពារ ការរីករាលដាល។

លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានសម្ដែងការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅកម្ពុជា នាពេលបច្ចុប្បន្ន បើប្រៀបទៅនឹងប្រទេសជាតិ បានរំដោះចេញពីរបប ប៉ុល ពត នាថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានភាពខុសគ្នាដាច់ស្រឡះ ព្រោះលោកក៏ជាសាក្សីមួយរូប ដែលធ្លាប់បានមកដល់កម្ពុជាកាលពីឆ្នាំ១៩៨០។

ជាពិសេសជាងនេះទៅទៀតនោះ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានកោតសរសើរ ចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ឬការស្រោចវ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា រហូតសម្រេចជិត១០០ភាគរយ នៃចំនួនប្រជាជនសរុប ដែលជាកត្តាជោគជ័យមួយមិនត្រឹមកម្ពុជាខ្លួនឯងទេ គឺបានចែករំលែកជាបទពិសោធន៍ដល់ប្រទេសនានានៅលើសកលលោក ក៏ដូចជាការផ្តល់វ៉ាក់សាំងមួយចំនួនជួយដល់ប្រជាជនវៀតណាម និងប្រទេសជិតខាងទៀតផង ដែលនេះជាសេចក្តីសង្ឃឹមទុកមួយដ៏ធំធេង ក្នុងបើកប្រទេសឲ្យដំណើរការឡើងវិញ នឹងឈានទៅដល់ការបើកច្រកព្រំដែនរវាងកម្ពុជា វៀតណាមផងដែរ។

ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវមោទនភាពមួយ ដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឲ្យលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដែលជាសាក្សីមួយរូបបានដឹង និងបានឃើញផ្ទាល់ក្នុងគ្រាប្រទេសកម្ពុជា បានចាប់ផ្តើមចេញពីចំណុចសូន្យ រហូតដល់មានសមិទ្ធផលដ៏ធំធេងនាពេលនេះ ដែលកើតចេញពីការខិតខំតស៊ូគ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិត ទៅប្តូរដើម្បីភាពរស់ឡើងវិញរបស់ប្រជាជន និងប្រទេសកម្ពុជា។

ជាចុងបញ្ចប់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមសហការជាមួយលោកឯកអគ្គរដ្ឋទូត នៅក្នុងបេសកកម្មការទូតនៅកម្ពុជាឲ្យទទួលបានជោគជ័យ៕