(កណ្ដាល)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសពីការអរគុណដល់ចំណាត់ការអន្ដរជាតិ ដែលហាមឃាត់មិនឲ្យបុគ្គលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប អាចយកលុយទៅដាក់នៅធនាគារក្រៅប្រទេសបាន ជាហេតុនាំឲ្យចរន្ដលុយនោះវិលនៅក្នុងស្រុក រុញការវិនិយោគឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសលើវិស័យអចលនទ្រព្យ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កាលពីមិនទាន់មានវិធានការអន្ដរជាតិនេះ ប្រជាពលរដ្ឋខ្មែរមួយចំនួនបានយកលុយរបស់ខ្លួនទៅផ្ញើនៅធនាគារក្រៅប្រទេស ដែលសកម្មភាពនេះជាការជួយវិនិយោគក្រៅប្រទេសទៅវិញ មិន បានជួយដល់ប្រទេសរបស់ខ្លួននោះទេ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអរគុណចំណាត់ការអន្ដរជាតិ ដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរណាយកលុយទៅដាក់នៅធនាគារក្រៅប្រទេស ខ្ញុំអរគុណណាស់ អរគុណពិសេសតែម្ដង ព្រោះលុយនេះវាវិលនៅក្នុងស្រុក»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា «កាលមុននៅពេលដែលអន្ដរជាតិ មិនទាន់បានធ្វើការរារាំង ក្នុងការយកលុយទៅដាក់នៅក្រៅប្រទេស ខ្មែរយើងមួយចំនួនយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈការយកលុយទៅដាក់នៅធនាគារក្រៅប្រទេស វាស្មើនឹងយកលុយទៅជួយក្រៅប្រទេស ដល់ឥលូវវិធានការជាអន្ដរជាតិ ខ្មែរយើងអត់មានឱកាសយកលុយទៅទុកនៅក្រៅប្រទេស ដូច្នេះលុយនេះវាវិលនៅក្នុងស្រុកខ្មែរ នៅតាមធនាគារ»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការឌឺដងដល់បរទេសមួយចំនួន ដែលដាក់ទណ្ឌកម្មមកលើប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក រឿងបង្កក់ទ្រព្យសម្បត្តិនៅប្រទេសគេផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគ្រាន់តែជាសញ្ញានយោបាយតែប៉ុណ្ណោះ ព្រោះបុគ្គលពលរដ្ឋកម្ពុជាទាំងនោះ មិនមានលុយ ឬទ្រព្យសម្បត្តិនៅប្រទេសនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ក្នុងករណីដាក់ទណ្ឌកម្មចង់ដកទ្រព្យសម្បត្តិលើសម្ដេចវិញនោះ សម្ដេចកាន់តែមិនខ្វាយខ្វល់ថែមទៀត ទោះដាក់ដល់៥០០ជាតិទៀត ក៏សម្ដេចមិនខ្វល់ដែរ ព្រោះសម្ដេចមិនមានទ្រព្យសម្បត្តិនៅប្រទេសនោះឡើយ។ សម្ដេចក៏បានរុញបន្ថែមឲ្យប្រទេសនោះ ដាក់ទណ្ឌកម្មលើខ្មែរណា ដែលមានលុយមិនដាក់ប្រទេសខ្លួន បែរជាទៅដាក់នៅប្រទេសគេទៅវិញថែមទៀតផង។

ប៉ុន្ដែសម្ដេចតេជោនាយករដ្ឋមន្ដ្រីរបស់កម្ពុជា បានផ្ដាំផ្ញើទៅបរទេសនោះវិញថា ប្រយ័ត្នតែដាក់ទណ្ឌកម្មចុះឡើង ប៉ះចំប្រជាពលរដ្ឋរបស់ខ្លួន ព្រោះខ្មែរមួយចំនួនមានសញ្ជាតិរបស់ប្រទេសនោះ ដូច្នេះការដាក់ទណ្ឌកម្មនេះ គឺដាក់ទណ្ឌកម្មនៅលើពលរដ្ឋខ្លួនទៅវិញទេ។ សម្ដេចលើកឡើងថា ខ្មែរមួយចំនួនមានសញ្ជាតិបរទេស ដោយខ្លះមានសញ្ជាតិបារាំង សញ្ជាតិអាមេរិក សញ្ជាតិអូស្ដ្រាលីជាដើម។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការយកច្បាប់មកដាក់ទណ្ឌកម្មលើពលរដ្ឋខ្មែរ គឺជារឿងអត់ប្រយោជន៍ ហើយសម្ដេចបន់ឲ្យច្បាប់ទាំងនោះចេញមកឲ្យលឿនថែមទៀតផង៕