(​បារីស)៖ ប៉ូលិស​ទីក្រុង​ប៉ារីស​ បាន​ឃាត់ខ្លួន​អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ Al-Jazeera ចំនួន ៣នាក់​ ពីបទ​បង្ហោះ​យន្តហោះ​បញ្ជាហៅថា "Drone" ដោយល្មើសនឹងច្បាប់ប្រទេស ព្រោះខ្លាចកើតមានករណីភេរវកម្ម​ នេះបើយោងតាការចុះ​ផ្សាយរបស់ ​​ទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកកាសែត​ទាំង ៣រូបនោះ ត្រូវបានឃាត់ខ្លួន​នៅក្នុង​សួនច្បារ​មួយ​ក្នុងទីក្រុងប៉ារីស ជា​ទីកន្លែង​ដែល​ពួកគេ​កំពុង​បង្ហោះ ​យន្តហោះ​បញ្ជា​ដោយ​ខុសច្បាប់​តែម្តង​។​ ប៉ូលិសបានបញ្ជាក់ថា អ្នកកាសែតទាំង ៣នាក់នោះ ​កំពុងស្ថិតក្នុងការសង្ស័យ ដោយសារតែម្នាក់ជាអ្នកបង្ហោះ ម្នាក់ទៀតជាអ្នកថត និងម្នាក់ទៀត​ជាអ្នកឈរ​យាម។ បើសិនជា​តុលាការ​រកឃើញមានទោសមែននោះ អ្នកទាំងបីត្រូវជាប់គុក​ ១ឆ្នាំ និងពិន័យជាប្រាក់ ៨៥.០០០ដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា ការចាប់ខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​យន្តហោះ​បញ្ជា​មួយចំនួន​ កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​គេ​ប្រទះឃើញ​ ហោះ​ក្រវែល​ប៉ម​តួ​ល​អេ​ហ្វ​ហ្វែ​ល​, ទីលាន Bastille Square និង​ស្ថានទូត​អាមេរិក ហើយ​បន្ទាប់មក​បន្តទៅ​ទីលាន Place de la Concorde និង​សារមន្ទីរ​យោធា Invalides ជាទី​ដែល​ស្តេច​ណាប៉ូឡេអុង​ត្រូវបាន​បញ្ចុះ​៕