(ត្បូងឃ្មុំ)៖ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន១១៦នាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបន្តស្ម័គ្រចិត្តដោយសុទ្ធចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំង មួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ អតីតសកម្មជនគណបក្សប្រឆាំងទាំង១១៦នាក់ ដែលប្រកាសចូលថ្មីនាពេលនេះ មកពីឃុំចំនួន០៥រួមមាន៖ ឃុំចាន់មូល ឃុំកំពាន់ ឃុំជាំ ឃុំមេមង និងឃុំមេមត់។
នៅក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមេមត់ បានមានប្រសាសន៍ដោយសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។
លោកបណ្ឌិតបានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជន ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខ សន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឱ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ កាន់តែរីកចម្រើន។
លោកបណ្ឌិត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានតែការបង្រួបបង្រួបបង្រួមជាតិ ការពារនូវឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ដែលខុសពីអតីតបក្សប្រឆាំងដែលប្រកាន់យកនូវទស្សនៈបំបែកបំបាក់ជាតិ ដែលនាំឱ្យសង្គមកម្ពុជាវឹកវរចលាចល តាមរយៈការញុះញង់ លាបពណ៌ និងការរើសអើងជាតិសាសន៍ជាដើម។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរ ថា ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរ គឺប្រជាពលរដ្ឋបាននឹងកំពុងសាទរនឹងសុខសន្តិភាពដែលកំពុងមាននាពេលសព្វថ្ងៃ និងប្រក្រតីភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ គឺក្នុងន័យថា កម្ពុជាសព្វថ្ងៃមិនដូចទៅនឹងអ្វីដែលពួកក្រុមប្រឆាំងកំពុងបំពុលព័ត៌មាន និងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតនោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើឱ្យសមាជិកសមាជិកាទាំងចាស់ ទាំងថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗអាណត្តិ៕