(ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យរថយន្តក្រុងរបស់ក្រុម Angkor Express រ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ នៅជាប់ផ្លូវជាតិលេខ៥ ក្បែរសាលាស្រុក រលាប្អៀរ នៅព្រឹកមិញនេះ គឺបណ្តាលមកពីរថយន្តក្រុង បានបើកគេចរថយន្តកាមេរីមួយគ្រឿងទៀត បើកស្របទិសគ្នា ដែលបានបត់ចូលចាក់សាំង នៅស្ថានីយ៍សាំងតេឡាមួយកន្លែង ស្ថិតនៅត្រង់ចំណុចកើតហេតុ ។
ករណីនេះបានធ្វើឱ្យស្រ្តី អាយុ៥៨ឆ្នាំម្នាក់ ដែលជាម្ចាស់ផ្ទះលក់ចាបហួយ ស្លាប់ភ្លាមៗ ហើយចៅរបស់គាត់អាយុ៣ឆ្នាំ បានរងរបួស ជាមួយពលរដ្ឋ ២នាក់ផ្សេងទៀត។ រថយន្តក្រុងដែលបើកបុកផ្ទះប្រជាពលរដ្ឋនេះ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរ Angkor Express ដែលដឹកអ្នកដំណើរ និង ឥវ៉ាន់ ពីក្រុងប៉ោយប៉ែត មករាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា រថយន្តក្រុង Angkor Express បានបើកយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ៥ ហើយរថយន្តកាមេរីពាក់ស្លាកលេខភ្នំពេញ 2D-7808 បានបើកស្របទិសគ្នា រួចបត់ចូលចាក់សាំង ទើបធ្វើឱ្យរថយន្តក្រុង គេចមិនទាន់ បុកគូថរថយន្តកាមេរី ហើយរ៉េទៅបុកចូល ផ្ទះប្រជាពលរដ្ឋតែម្តង៕