(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២។

ក្នុងឱកាសប្រកបសិរីសួស្តីប្រសើរថ្លៃថ្លា និងសេចក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនា នឹករលឹកស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅតាមបណ្តាស្ថាប័ន-កងឯកភាព។

ជាមួយគ្នានេះ លោកក៏សូមផ្ញើជូននូវការសួរសុខទុក្ខ ទៅដល់យោធិនដែលកំពុងមានជំងឺ របួស ពិការ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយ ត្រឡប់មានសុខភាពល្អបរិបូណ៍ និងកម្លាំងរឹងមាំឡើងវិញ និងសូមជូនពរដល់អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងសុភមង្គលរុងរឿងគ្រប់ប្រការ។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋ ដោះស្រាយវិបត្តិយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្តយ៉ាងខ្ជាប់ខ្លួនបំផុត។

លោកបន្តថា ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតចាប់តាំងពីការផ្ទុះករណីដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍, ការគ្រប់គ្រងការឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបាន់ភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែលសម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ។

ជាការពិតណាស់ ជោគជ័យ និងសមិទ្ធផលទាំងអស់នេះ ក៏មិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ ម្ចាស់ការច្នៃប្រឌិត គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនៅក្នុងជួរបញ្ជាការគ្រប់ស្ថាប័ន-កងឯកភាពក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា «ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល
ទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ "កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផ្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្កការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ»

ក្នុងឱកាសចូលថ្មី ឆ្នាំសាកល ២០២២ នេះ លោកសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។

លោកក៏ សូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក ព្រមទាំងសិក្ខាកាមទាំងអស់ដែលកំពុងសិក្សាជំនាញផ្សេងៗ សូមបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ព្រមជាមួយនឹង គោលការណ៍នៃការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដូចដែលបានខិតខំអនុវត្តកន្លងមក ដើម្បីការពារទប់ស្កាត់ការងើបឡើងវិញ នៃការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ៕