(បន្ទាយមានជ័យ)៖ ថ្ងៃទី២៩ ខែធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏មានតម្លៃមិនអាចបំភ្លេចបាន សម្រាប់ប្រជាជាតិកម្ពុជា ព្រោះជាថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកជីវិតរបស់លោកធ្វើជាដើមទុន ដើម្បីបង្រួបបង្រួមជាតិ ឱ្យមានការឯកភាពជាតិពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាការរំលឹកខួបលើកទី២៣ឆ្នាំនៃនយោបាយឈ្នះឈ្នះ នៅថ្ងៃពុធ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្រារព្វពិធីអបអរសាទរខួបលើកទី២៣ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី។

លោក ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោក ឈឹម ប៊ុននី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានធ្វើបទឧទ្ទេសនាមអំពីសច្ចភាពប្រវត្តិសាស្រ្ត នៃដំណើររឿងចលនាតស៊ូផ្តាច់ខ្លួនរបស់ទាហានខ្មែរក្រហម ឈានទៅរកការធ្វើ សមាហរណកម្មចូលរួមជីវភាពជាមួយរាជរដ្ឋាភិបាលតែមួយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមគោលការណ៍នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានធានាសុវត្ថិភាពបីយ៉ាងសំខាន់ដូចតទៅ៖

១៖ ការធានានូវសុវត្ថិភាពខាងផ្នែកសន្តិសុខផ្ទាល់ខ្លួនរបស់បុគ្គល និងក្រុមគ្រួសារ ដែលស្ម័គ្រចិត្តបញ្ចប់សង្រ្គាម និងការប្រយុទ្ធ ហើយវិលត្រឡប់មករួមរស់ក្នុងចរន្តគោល នៃសង្គមជាតិវិញ ។

២៖ ការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូនអ្នកទាំងនោះ នូវលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តមុខរបរ និងការរកស៊ីចិញ្ចឹមជីវិត ដែលគេធ្លាប់មានកន្លងមក។

៣៖ ការធានានូវសុវត្ថិភាពផ្នែកកម្មសិទ្ធិ ដែលគេធ្លាប់មាន និងកាន់កាប់ក្នុងរយៈពេលកន្លងមក ដោយគ្មានការដកហូត ឬរុះរើ ។ ទាំងនេះគឺជាធម៌ខន្តី និងជាសិល្បៈសម្បទាន នៃទស្សនវិជ្ជាសន្តិភាព ដែលស្ថិតក្នុងយុទ្ធសាស្រ្តបញ្ចប់ សង្រ្គាមស៊ីវិល យុទ្ធសាស្រ្តប្រឆាំងនឹងសង្រ្គាមឈ្លប ឬក្រុមឧទ្ទាម ហើយយុទ្ធសាស្រ្តនេះ បានបន្តអនុវត្តរហូតមក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចាត់វិធានការបង្ការ និងបង្ក្រាប ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអបអរសាទរ ចំពោះនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រោះតាមរយៈមរតកនៃនយោបាយឈ្នះឈ្នះនេះ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តីរួមជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានសហការគ្នាការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃនៅតំបន់បឹងជង្រុក ហើយផ្តើមអភិវឌ្ឍរហូតកើតចេញជាភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលមានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរគ្រប់បែបយ៉ាង ដើម្បីបម្រើដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ។

លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយ និងអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះបានថ្លែង អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី អរគុណដល់ក្រុមការងារខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ ពិសេសថ្លែងអំណរគុណចំពោះលោក យ៉ាង គីមហ៊ុយ និងភរិយា ដែលបានចូលរួមចំណែកយ៉ាងធំ ក្នុងការគាំទ្រអភិវឌ្ឍភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងភូមិបឹងជង្រុកតេជោឈ្នះឈ្នះទាំងមូល គឺចំណងដៃថ្មីមួយទៀតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ហើយក្នុងឱកាសអបអរសាទរខួបលើកទី២៣ឆ្នាំ នៃយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ក៏បានរៀបចំពិធីប្រគល់ លំនៅដ្ឋាន តេជោឈ្នះឈ្នះ ០៩ខ្នង ជូនដល់ព្រឹទ្ធាចារ្យភូមិទាំង០៩គ្រួសារផងដែរ។

បន្ថែមជាមួយគ្នានេះមជ្ឍមណ្ឌលជាតិសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ (CMAC)មានការតាំងបង្ហាញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនសាធារណជនទស្សនាសិក្សាស្វែងយល់។ ការសម្តែងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលបង្ហាញពីភាពរឹងមាំរបស់កងកម្លាំងការពារជាតិ ហើយពេលរាត្រីក៏មានការប្រគុំតន្ត្រី និងក្រុមកំប្លែងនាយក្រឹម សម្តែងជូនមហាជនទស្សនាកម្សាន្ត ព្រមទាំងរាំវង់សន្តិភាព និងពិសានំបញ្ចុកសន្តិភាព សរុបប្រមាណជាង១ពាន់នាក់៕