(ព្រះវិហារ)៖ សហគមន៍កសិកម្មចំនួន៩ ក្នុងខេត្តព្រះវិហារ បាននិងកំពុងតែមមាញឹកក្នុងការប្រមូលផលដំឡូងមីសរីរាង្គស្រស់ លក់ជូនក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC តាមកិច្ចសន្យា ដែលមានក្រុមហ៊ុនដៃគូ Thai Wa ក្នុងបរិមាណ ៣២៩៤៧ តោន។

បើតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះថា ក្នុងឆ្នាំ២០២២នេះ តម្លៃដែលសហគមន៍ទទួលបានដំឡូងមីស្រស់ លេខ០១ តម្លៃ ៣៧៥រៀល ក្នុង១គីឡូក្រាម និងលេខ០២ តម្លៃ ៣៦០រៀលក្នុង១គីឡូក្រាម។

លោកប្រធានមន្ទីរកសិកម្មខេត្ត បានបន្តថា ការទិញ-លក់តាមកិច្ចសន្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាតម្លៃ និងទីផ្សារដែលអាចទទួលយកបានដោយប្រជាកសិករក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តព្រះវិហារ ក្រោមការសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើឲ្យមានទំនុកចិត្តរយ:ពេលវែង រវាងតំណាងសហគមន៍ (អ្នកផលិត) និងតំណាងក្រុមហ៊ុន (អ្នកទទួលទិញ) ដើម្បីធានាឲ្យមានគុណភាពស្តង់ដាផលិតផលដែលបានព្រមព្រៀងគ្នា។

មិនតែប៉ុណ្ណោះ កសិកម្មតាមកិច្ចសន្យាបានជួយកសិករ និងសហគមន៍កសិកម្ម ជាច្រើនដូចខាងក្រោម៖

* ជួយសមាជិកសហគមន៍ ដែលជាអ្នកផលិតមានទីផ្សារច្បាស់លាស់មុននឹងសម្រេចចិត្តដាំ។
* កសិករមានកម្លាំងក្នុងចរចាជាមួយដៃគូឯកជន និងមានតម្លាភាព។
* កាត់បន្ថយការចំណាយតាមរយៈឈ្មួញកណ្តាល
* អាចជួយបង្កើនប្រាក់ចំណូល ដល់សមាជិកក និងសហគមន៍ ដោយគ្មានការកាត់ភាព។ ខូចខាត (ឈ្មួយកណ្តាល កាត់ពី១០%ទៅ១៥% នៃទម្ងន់សរុប)។
* ទទួលបានចំណេះដឹងថ្មីៗ ទាក់ទងបច្ចេកទេសកសិកម្មដែលផ្តល់ដោយស្ថាប័នពាក់ព័ន្ធ។
* អាចូលរួមកាត់បន្ថយចំណាកស្រុកបានមួយចំណែក។
* ទទួលបានធនធានក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់ នៅនឹងកន្លែងផ្ទាល់៕