(ព្រះសីហនុ)៖ អាស៊ានបានកត់សម្គាល់ឃើញថាប្រទេសរុស្ស៉ីជាប្រភពទីផ្សារទី៣ សម្រាប់គោលដៅទេសចរណ៍អាស៊ាន ដូច្នេះហើយទើបអាស៊ានបានអនុម័តផែនការសកម្មភាពទេសចរណ៍រវាងអាស៊ាន និងសហព័ន្ធរុស្ស៉ី ឆ្នាំ២០២២-២០២៤ ពិសេសគឺបន្ទាប់ពីប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ។

ការអនុម័តនេះធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីលើកទី១ តាមទម្រង់ផ្ទាល់ និងអនឡាញ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងលោកស្រី ហ្សារីណា ដូហ្គូហ្សូវ៉ា (Zarina Doguzova) រដ្ឋមន្ត្រីទេសចរណ៍សហព័ន្ធរុស្ស៉ី ជាសហប្រធាន។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍រុស្ស៉ី អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ដែលមានសមាសភាពប្រមាណ១០០នាក់។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីនេះបានកត់សម្គាល់ឃើញថា ចំណូលទេសចរណ៍រវាងអាស៊ាន និងរុស្ស៉ីបានធ្លាក់ចុះប្រមាណ៣៧ភាគរយ បើធៀបនឹងឆ្នាំ២០២០ និងបានកត់សម្គាល់ឃើញថា រុស្ស៉ីជាប្រភពទីផ្សារទី៣ សម្រាប់គោលដៅទេសចរណ៍អាស៊ាន។

អង្គប្រជុំខាងលើក៏បានអនុម័តផែនការសកម្មភាពទេសចរណ៍រវាងអាស៊ាន និងសហព័ន្ធរុស្ស៉ី ឆ្នាំ២០២២-២០២៤ ដែលផ្តោសំខាន់លើការពង្រឹងលើកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ីលើវិស័យទេសចរណ៍ ដែលផ្តល់អាទិភាពលើការស្តារវិស័យទេសចរណ៍អាស៊ាន និងរុស្ស៉ី។

លើសពីនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីបានអបអរសាទរចំពោះការអនុវត្តផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ដើម្បីដោះស្រាយវិបត្តកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៉ីក៏បានប្ដេជ្ញាធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហព័ន្ធរុស្ស៉ីលើវិស័យទេសចរណ៍អាស៊ាន ស្របតាមក្របខណ្ឌផែនការការងារនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-រុស្ស៉ី សំដៅដល់ការងើបឡើងវិញនូវវិស័យទេសចរណ៍អាស៊ានដែលរងផងប៉ះពាល់ដោយសារវិបត្តកូវីដ-១៩៕