(កំពង់ចាម)៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍ អតីតថ្នាក់ដឹកនាំមូលដ្ឋានអតីតបក្ស CNRP ក្រុងកំពង់ចាមចំនួន ៥នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។
អតីតថ្នាក់ដឹកនាំមូលដ្ឋានអតីត CNRP ក្រុងកំពង់ចាមទាំង ៥នាក់ ក្នុងនោះជាអតីតថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងសង្កាត់ចំនួន២ក្នុងក្រុងកំពង់ចាម បានស្ម័គ្រចិត្តសុំចូលបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តាមរយៈ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម។
អតីតថ្នាក់ដឹកនាំមូលដ្ឋានអតីត CNRP ក្រុងកំពង់ចាមទាំង៥រូប មានឈ្មោះ៖
*ទី១៖ លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស CNRP ប្រចាំក្រុងកំពង់ចាម។
*ទី២៖ លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ CNRP។
*ទី៣៖ លោស្រី អុឹម សុខហេង អតីតបេក្ខជន CNRP បម្រុងសង្កាត់កំពង់ចាម។
*ទី៤៖ លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស CNRP។
*ទី៥៖ លោក ហួន សុខ អតីតសមាជិកបក្ស CNRP។
សូមបញ្ជាក់ថា បន្ទាប់ពីបានធ្វើពិធីបញ្ចូលតាមលក្ខន្តិកៈ ដែលបានកំណត់រួចមក លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងការស្វាគមន៍ ចំពោះបងប្អូនដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយលោកប្រធាន បានស្នើឱ្យបងប្អូនចូលរួមគោរពលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា និងសូមរក្សាគោលជំហរស្មោះត្រង់ជាមួយគណបក្ស និងរាជរដ្ឋាភិបាល កុំវៀចវេរ តាមការអូសទាញរបស់គណបក្សណាមួយនោះឡើយ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា សូមបើកទ្វារចំហរចាំទទួលស្វាគមន៍បងប្អូន ដែលភ្ញាក់រលឹក និងចូលមករួម បម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគ្រប់ពេលផងដែរ៕