(កំពត)៖ ដោយមើលឃើញពីតំរូវការចំាបាច់ នៃការប្រើប្រាស់ទឹកតាមតំបន់ជនបទដាច់ស្រយាល ក្រុមការងារនៃមូលនិធិអណ្តូងទឹកស្អាត របស់អ្នកឧកញ៉ាមហាភក្តីសប្បុរស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងលោកជំទាវ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅចុងសប្តាហ៍នេះ ដើម្បីប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូនប្រជាពលរដ្ឋ រស់នៅឃុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត និងចំនួន១០ទៀត ជូនប្រជាពលរដ្ឋ រស់នៅឃុំ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
នៅក្នុងពិធីប្រគល់ អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត បានជំរាបជូនថា អណ្តូងទឹកស្អាតនេះគឺជាអំណោយ ប្រកបដោយទឹកចិត្តសប្បុរសធម៌ ថ្លៃថ្លារបស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលពីលោកទាំងពីរនៅ មានមានជីវិត លោកគឺជាពុទ្ធសាសនូបត្ថម្ភ មានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានធ្វើបុណ្យទាន និងបានកសាងនូវសមិទ្ធិផលជាច្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សម្រាប់បំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីជាលោកទាំងពីរ ទទួលមរណភាពទៅហើយក្តី ក៏លោកទាំងពីបានបន្សល់ទុក នូវមូលនិធិអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក សម្រាប់សាងសង់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋអាស្រ័យផល តាមតំបន់ជនបទដាច់ស្រយាល ដែលខ្វះខាតទឹកប្រើបា្រស់ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
លោកបានបន្ថែមថា ប្រភពទឹក គឺមានសារសំខាន់ណាស់ សម្រាប់ទ្រទ្រង់ការប្រើប្រាស់ប្រចាំថ្ងៃ ជីវិត មនុស្ស សត្វ រុក្ខជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ សូមជួយថែរក្សាអណ្តូងទឹកស្អាតទាំងអស់ឱ្យមានអនាម័យល្អ និងគង់វង្សសម្រាប់ប្រើប្រាស់យូអង្វែង។ ប្រជាពលរដ្ឋដែលបានទទួលប្រភពទឹកប្រើប្រាស់បាន បង្ហាញអារម្មណ៌រីករាយសប្បាយចិត្ត ដែលបានអណ្តូងទឹកស្អាត ប្រើប្រាស់កាត់បន្ថយការលំបាកប្រចាំថ្ងៃ និងបានថ្លែងអំណរគុណចំពោះសទ្ធា ជ្រះថ្លារបស់លោកតា ហ៊ុន នាង និងលោកយាយឌី ប៉ុកនិងបានឧទ្ទិសមគ្គផល ទាំងអស់នេះជូនចំពោះវិញ្ញាណក្ខន្ធលោកតា លោកយាយ ទៅសោយសុខនៅក្នុងសុខគតិភព។
នៅក្នុងឱកាសប្រគល់អណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនោះផងដែរ ក្រុមការងារនៃមូលនិធិ ក៏បាននាំគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ចុះពិនិត្យសុខភាព និងព្យាបាលប្រជាពលរដ្ឋដោយមិនគិតថ្លៃ ព្រមទាំងបញ្ជូនអ្នកជម្ងឺមួយចំនួន ដែលត្រូវការព្យាបាលបន្ទាន់ ត្រូវបានបញ្ជូនមកភ្នំពេញ ក្រោមការឧបត្ថម្ភរបស់ លោក ហ៊ុន ម៉ាណែត និងលោកជំទាវ ផងដែរ៕