(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាដែលបានប្រកាសបញ្ចូលថ្មីចំនួន២១៧នាក់ ត្រូវចូលរួមការពារសន្តិភាពនិងសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមបម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសលោក ឃ្លាំង ហួត ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំណុះឱ្យគណបក្សសង្កាត់កោះដាច់ចំនួន២១៧នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សខណ្ឌ សង្កាត់ និងសមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ២៥០នាក់។
លោក ស៊ិន បូណា អតីតចៅសង្កាត់កោះដាច់ និងជាអតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ តំណាងសមាជិកដែលទើបបញ្ចូលថ្មីពេលនេះ បានឡើងធ្វើការប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនាអាណត្តិខាងមុខបន្តទៀត។
លោកបន្តថា ថ្ងៃនេះជាការប្រកាសបញ្ចូលសមាជិកលើកទី២ហើយ ដែលលើកទី១មានសមាជិកចំនួន២៧នាក់ និងលើកទី២នេះមាន២១៧នាក់ សរុបចំនួន២៤៤នាក់។ ក្រៅពីសមាជិកដែលបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជនកម្ពុជារួច នៅមានសមាជិកជាច្រើនរយនាក់ទៀតក្រុមការងារកំពុងរៀបចំ និងត្រូវប្រកាសបញ្ចូលបន្ថែមទៀតនាពេលខាងមុខ។
លោក ឃ្លាំង ហួត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំជាងគេ មានបទពិសោធន៍ក្នុងការដឹកនាំ មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីប្រកបដោយភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត បានបន្ដថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល៤៣ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។
លោកបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ប្រែក្លាយទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។
លោកបានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹងនិងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
ព្រមជាមួយគ្នានេះ លោក ឃ្លាំង ហួត ក៏បានឧបត្ថម្ភថវិកា៧,៨៩០,០០០រៀលសម្រាប់រៀបចំពិធី និងជូនសមាជិកសមាជិកាថ្មី រួមទាំងអាវ-មួកគណបក្សផងដែរ៕