(ភ្នំពេញ)៖ សាស្ត្រាចារ្យជនជាតិអូស្ត្រាលីមួយរូប ដែលត្រូវរបបយោធាមីយ៉ាន់ម៉ាដោះលែង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកស្នើសុំឲ្យដោះលែង។

នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកជំនាញសេដ្ឋកិច្ចជនជាតិអូស្ត្រាលី លោក សន ថឺនែល បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អង់ សាន ស៊ូជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២១ ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយធ្លាប់ត្រូវតុលាការនៅមីយ៉ាន់ម៉ា ដំណើរការរដាក់ទោសពន្ធនាគាររហូតដល់ ១៤ឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ម្សិលមិញមានការដោះលែងសាស្ត្រាចារ្យ របស់អូស្ត្រាលី ហើយពេល (ជួបជាមួយ លោក មីន អោងឡាំង) គឺ មីន អោងឡាំង សន្យាពិចារណាជាវិជ្ជមាន។ គុណសម្បត្តិ ជាគុណសម្បត្តិរបស់ លោក មីន អោងឡាំង ប៉ុន្តែហោចណាស់ក៏ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំទៅទីនោះ ខ្ញុំក៏បានដោះលែងអ្នកទោស រាប់ទាំងសាស្ត្រាចារ្យ ដែលជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស្រី អង់ សាន ស៊ូជី ដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ស្នើសុំមកខ្ញុំ លើកបញ្ហានេះជាមួយ មីន អោងឡាំង»

សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលី ធ្លាប់បានស្នើដោយផ្ទាល់តាមរយៈសម្តេចតេជោ ហ៊ុន សែន ឲ្យមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី សន ថឺនែល ដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា ប្រមាណ ១ឆ្នាំហើយនោះ។ ក្នុងជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក មីន អោងឡាំង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកយកសំណើរបស់អូស្ត្រាលី ទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា ជាលទ្ធផលលោក មីន អោងឡាំង ទទួលយកសំណើនេះ និងសន្យាដោះស្រាយជាវិជ្ជមាន។

បើតាមប្រសាសន៍សម្តេតេជោ ហ៊ុន សែន គឺកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ចង់ឃើញមីយ៉ាន់ម៉ាមានវឌ្ឍនភាព គោលការណ៍កុងសង់ស៉ីស ទាំង ៥ចំណុច ដើម្បីឲ្យប្រទេសនេះ មានសន្តិភាពឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនទទួលបានប្រយោជន៍អ្វី ពីការជួយដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ានោះទេ៕