(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរី ស្ដីពី ការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់មន្ត្រីរាជការថ្មី ក្របខណ្ឌឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន១៧២នាក់ ដើម្បីចូលរួមចំណែកអនុវត្ត ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៣ និងដំណាក់កាលទី ៤។

ពិធីបើកវគ្គបណ្ដុះបណ្ដាល ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូឧទ្ទេស និងសិក្ខាកាម។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងបានផ្តល់អាទិភាពខ្ពស់ ដល់ការកសាង និងការអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ និងអនុវត្តដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ហើយបានរួមចំណែកធ្វើឲ្យកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ច ៧% ជាប់ៗគ្នា ប្រមាណជាង៣អាណត្តិ នៅមុនការមកដល់ នៃការរាតត្បាតរបស់ជំងឺកូវីដ-១៩ និងបានរួមចំណែកឲ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងខិតខំឈានឆ្ពោះ ទៅជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ នៅពេលខាងមុខ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីឈានទៅសម្រេចបានគោលដៅប្រកបដោយមហិច្ឆតានេះ ជាមួយនឹងបុណ្យកុសលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងសមិទ្ធផល ដែលសម្រេចបានកន្លងមក, កម្ពុជាចាំបាច់ត្រូវបន្តបង្កើន ការខិតខំប្រឹងប្រែងថែមទៀត ក្នុងការធ្វើពិពិធកម្ម មូលដ្ឋានសេដ្ឋកិច្ច ការលើកកម្ពស់ផលិតភាពផលិតកម្ម និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះ បច្ចេកវិជ្ជា និងនវានុវត្តន៍ សំដៅធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព រឹងមាំ និងធន់នឹងវិបត្តិ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ស្ថិតក្នុងដំណាក់កាល នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងស្ថិតក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ និងបញ្ចប់ការរៀបចំខ្លួនឆ្ពោះទៅអនុវត្តដំណាក់កាលទី៤ ក្នុងគោលដៅការបង្កើនគណនេយ្យភាព ចំពោះសមិទ្ធកម្ម, ការកសាង និងការអភិវឌ្ឍសមត្ថភាព កាន់តែមានសារសំខាន់ថែមទៀត ព្រោះហេតុថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ចំណុចរបត់ដែលកាន់តែស្មុគស្មាញ, សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានប្រគល់ដល់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និងកិច្ចការហិរញ្ញវត្ថុ។

ទន្ទឹមនេះ គ្រប់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និងនៅរដ្ឋ-បាលថ្នាក់ក្រោមជាតិ សុទ្ធតែត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា ក្នុងខណៈសមត្ថភាពធនធានមនុស្សរបស់អង្គភាពថវិកានីមួយៗ នៅមានកម្រិត។

ជាមួយនេះ ការដាក់ឲ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានពង្រីកទៅដល់គ្រប់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពនៅរាជធានីខេត្ត ដើម្បីធានាតម្លាភាព ប្រសិទ្ធភាព សង្គតិភាព និងភាពត្រឹមត្រូវ នៃប្រតិបត្តិការថវិការ ព្រមទាំងផ្តល់ព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ, ការព្យាករ និងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ៕