(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា សម្តេចតេជោ និងអ្នកវិភាគមួយរូបឈ្មោះ ជេម សុខ បានទាក់ទងគ្នាយូរមកហើយ។

ការទម្លាយពីទំនាក់ទំនងនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជិត១០០គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនឹងការទម្លាយពីទំនាក់ទំនងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មទៅលោក ជេម សុខ ដែលបានប្រើប្រាស់សម្តីជ្រុលហួសហេតុ មើលងាយជាតិសាសន៍កម្ពុជា ដែលថាបើមានសង្គ្រាមរវាងអាមេរិក និងកម្ពុជា លោកនឹងកាន់កាំភ្លើងជួយអាមេរិក។ សម្តេចតេជោ បានពន្យល់ថា នេះជាការពាក្យខុសធ្ងន់ណាស់ និងពុំគួរនិយាយពាក្យនេះចេញឡើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយបំបែក (ឲ្យដឹង) ថ្ងៃនេះតែម្តងទៅថា ជេម សុខ និងខ្ញុំទាក់ទងគ្នា។ តែគាត់ទៅជ្រុលហួស រហូតនិយាយថា បើមានសង្គ្រាមរវាងអាមេរិក និងកម្ពុជា គាត់កាន់កាំភ្លើងឲ្យអាមេរិក ដើម្បីវាយកម្ពុជា។ សម្តីនេះ ប្រតិកម្មពីខ្មែរទាំងក្រៅស្រុក និងក្នុងស្រុកតែម្តង»

ការណ៍ដែលលោក ជេម សុខ និយាយខុសធ្ងន់បែបនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហៅលោកថា «អន់ជាងតិរច្ឆាន» ព្រោះសម្តីនេះបញ្ជាក់ពីការណ៍ដែលលោក បានភ្លេចកំណើតខ្លួនឯងជាខ្មែរ ក្រោយពីមានសញ្ជាតិអាមេរិក៕