(កណ្តាល)៖ លោក ទៀង កុស្សារៈ ឣនុប្រធានមន្ទីដែនដី នរគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីជំនាញ ដោយមានការចូលរួមពីលោក យី យ៉េន ឣភិបាលស្រុកមុខកំពូល និងឣាជ្ញាធរពាក់ព័ន្ធចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិស្ពានថ្មី ឃុំ រកាកោងទី2 ស្រុក មុខកំពូល ខេត្តកណ្ដាល និងការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដល់ប្រជាពលរដ្ឋឱ្យបានដឹងនៅទំហំដីរៀងៗខ្លួន និងបើមានបញ្ហាអាចសួរនាំមន្ត្រីជំនាញដើម្បីបានដោះស្រាយភ្លាមៗ។

លោក ទៀង កុស្សារៈ បានឱ្យដឹងថា ការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃគិតចាប់ពីថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២២តទៅ រយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋដែលមានដីធ្លី និងបានទទួលចុងសន្លឹកបញ្ជាក់ ពីទំហំដី ហើយនោះសូមឣញ្ជើញទៅមើលការបិទផ្សាយនៅទីតាំងវត្តចតុម្មុខារ៉ាម ហៅវត្តចុងព្រែក ស្ថិតនៅភូមិស្ពានថ្មី ឃុំរកាកោងទី2 ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោក ទៀង កុស្សារៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានចូលរួមកម្មវិធីបិទផ្សាយ នូវឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនេះជួយប្រាប់តៗគ្នា ដើម្បីឱ្យប្រជា ពលរដ្ឋផ្សេងៗបានដឹងនិងមកមើលនូវការបិទផ្សាយរបស់មន្ត្រីជំនាញដែលប្រចាំការនៅទីនោះពេញ២៤ម៉ោងរយៈពេល១៥ថ្ងៃ ហើយបើមានបញ្ហាអ្វីមួយអាចសួរនាំ មន្ត្រីជំនាញ ដើម្បីបានដោះស្រាយភ្លាមៗតែម្តង។

លោកបានបន្ថែមថា ក្នុងពេល១៥ថ្ងៃនេះ ជាពេលវេលាកំណត់ចុងក្រោយ សម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធ មកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដី របស់លោកអ្នក លោកស្រី ពិតជាត្រឹមត្រូវ រឺអត់។

សូមបញ្ជាក់ដែរថា ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា៖ ចុះឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដី ត្រូវធ្វើការ ស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរអ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធទាំងអស់ មិនអាចតវ៉ាបានទៀតឡើយ៕