(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ JICA នឹងរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ នូវអគារ និងសមិទ្ធផលនានា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

ពិធីសម្ពោធ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ការកែលម្អអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះ ត្រូវបានអនុវត្ត ឡើងក្រោម គម្រោងអភិវឌ្ឍមូលដ្ឋានគ្រឹះសម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ (The Project for Establishing Foundations for: Teacher Education College E-TEC) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារ JICA។

គម្រោងនេះមានគោលបំណងពង្រឹងមូលដ្ឋានជារូបវ័ន្តែចាំបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួនពីរ គឺនៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយខ្លួនជាគ្រឹះស្ថានអប់រំគ្រូបង្រៀនថ្នាក់បរិញ្ញាប័ត្ររយៈពេល៤ឆ្នាំ ដោយពង្រីក និងកែលម្អនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់សម្ភារៈចាំបាច់សម្រាប់ការបង្រៀន តាមការរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកក្នុងការបង្កើន គុណភាពការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ តាមរយៈការបង្កើនគុណភាពរបស់គ្រូបង្រៀន។

គម្រោងនេះបានសាងសង់អគារថ្មីចំនួន០៤ រួមមាន៖ អគាររដ្ឋបាល, អគារសិក្សា, អគារបណ្ណាល័យ, និងសាលពហុបំណង ព្រមទាំងបំពាក់នូវសម្ភារៈសំខាន់ៗ សម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ, បន្ទប់កុំព្យូទ័រ, និងបន្ទប់តន្ត្រីនិងសិល្បៈ ដើម្បីបម្រើរដល់ការរៀននិងបង្រៀនឱ្យកាន់តែប្រសើរឡើង។

ក្រៅពីគម្រោងជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិង កំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស សម្រាប់ការកសាងមូលដ្ឋានគ្រឹះ ដល់វិទ្យាស្ថានគរុកោសល្យទាំងពីរ ដោយអភិវឌ្ឍនូវកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាប័ត្រ សម្ភារៈសម្រាប់បង្រៀន និងការប្រឡង ប្រព័ន្ធ គ្រប់គ្រងរបស់វិទ្យាស្ថាន ក៏ដូចជាការកសាងឯកសារយុទ្ធសាស្ត្រសម្រាប់ដំឡើងគុណវុឌ្ឍិគ្រូបង្រៀន។

បន្ថែមពីនេះទៀត គម្រោង ក៏បានផ្តោតជាពិសេសលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូឧទ្ទេសរួមមានសមត្ថភាពដើម្បី ធ្វើការស្រាវជ្រាវអប់រំនិងអភិវឌ្ឍកម្មវិធីសិក្សា និងកម្មវិធីអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន៕