(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានដឹកនាំប្រទេសសម្រេចសមិទ្ធផលធំៗជាច្រើន សម្រាប់មាតុភូមិកម្ពុជា។

ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ច ឆ្នាំ២០២២ ដែលរៀបចំធ្វើនៅសាលាប្រជុំសសរ១០០ សម្តេចតេជោ ក្នុងបរិវេណមណ្ឌលអភិរក្សាសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព កំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតល្បាតសកលកូវីដ១៩ ក៏ដោយ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា ដោយឡែកគណបក្សខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយនោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖

*ទី១៖ បន្តអនុវត្ត និងប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ «កែទម្រងខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ» និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

*ទី២៖ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តចុះជួយមូលដ្ឋានតាមមុខសញ្ញា ពង្រឹងបរិមាណសមាជិកបក្សដោយឈរលើទស្សនៈ «ពង្រឹកចាស់ បង្កើនថ្មី» និងណែនាំប្រជាពលរដ្ឋពីសមិទ្ឋផលជាច្រើនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

*ទី៣៖ ពង្រឹងគុណភាពនៃការចូលរួមរបស់យុវជនឱ្យរឹតតែសកម្ម និងមានប្រសិទ្ឋិភាពក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដែលជាកម្លាំងប្រជាសាសន៍ដ៏ធំមួយ ដែលអាចជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកំណែទម្រង់នានាឱ្យរឹតតែមានប្រសិទ្ឋភាព។

*ទី៤៖ បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្សឱ្យបានច្បាស់លាស់ និងខិតខំកសាងសមិទ្ឋផលនៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែសកម្ម និងមានប្រសិទ្ឋភាព ពិសេសត្រូវកសាងមន្ទីរបក្សឱ្យបានគ្រប់ឃុំ សង្កាត់។

*ទី៥៖ លើកកម្ពស់ស្មារតីឱ្យប្រជាជនស្រឡាញ់ថែរក្សាសន្តិភាព និងបន្តរំលឹកពាក្យ «អរគុណសន្តិភាព» និងបន្តអប់រំប្រជាជនឱ្យយល់ពីការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

*ទី៦៖ ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រដល់បេក្ខជនរបស់គណបក្សយើងដែលឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដោយធ្វើសកម្មភាពរកការគាំទ្រពីប្រជាពលរដ្ឋឱ្យបានផុលផុស ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ពិសេសថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តឱ្យស្នើដៃគ្នា ប្រៀបដូចអម្រែកដែលត្រូវរែកស្មើគ្នា ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ និងអាណត្តិក្រោយៗទៀត។

*ទី៧៖ ត្រូវយកចិត្តទុកដាក់រៀបចំការបណ្តុះបណ្តាលអំពីច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដល់មន្ត្រីរបស់យើង ដើម្បីការពារភាពត្រឹមត្រូវនៃគណបក្សយើង។

*ទី៨៖ ចាប់ពីពេលនេះ រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពមូលដ្ឋានដោយពង្រឹងពង្រីកអំពើល្អរបស់បក្សយើង បកស្រាយការបំភ័ន្តមតិផ្សេងៗរបស់ក្រុមពួកអគតិ។

*ទី៩៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត និងរដ្ឋបាលខេត្ត ត្រូវជំរុញឱ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជំរុញដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា និងបន្តខិតខំអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» និងកែប្រែទម្លាប់នៃការរស់នៅសម្របតាមបរិបទនៃជំងឺកូវីដ១៩ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕