(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ លើការងារឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីឌី ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ថ្លែងសុន្ទរកថាស្វាគមន៍ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងនូវការអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឧកញ៉ា លោក លោកស្រី នាងកញ្ញា ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលមានវត្តមាននាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជំនួសមុខអោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយមោទនភាពបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំបញ្ជាជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃ ប្រកបដោយភាពដ៏ឈ្លាសវៃ ចក្ខុវិស័យមុតស្រួច និងភាពម៉ឺងម៉ាត់ ក្នុងការការពារអាយុជីវិត និងគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលជួបបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ហើយបានដោះស្រាយបញ្ហានេះបានមួយកម្រិតធំ និងលឿនជាងបណ្តាប្រទេសមួយចំនួនលើសកលលោក ក៏ដូចជាក្នុងតំបន់, ដែលជាការផ្តល់លទ្ធភាពនិងឱកាសឱ្យកម្ពុជាអាចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទ្រោលស្ថានភាពជីវភាពសេដ្ឋកិច្ច សង្គមជាតិ ឱ្យនៅតែរក្សាបានលំនឹង ស្ថិរភាព ព្រមទាំងផ្តល់កាលានុវត្តភាពសម្រាប់ ការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ជាមួយគ្នានេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី តំណាងឱ្យមន្ត្រីរាជការ និងអង្គសន្និបាតនាពេលនេះ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសទទួលបាននូវ «ពានរង្វាន់ស៊ុនហាក់ឆ្នាំ២០២២» ដែលជា «ពានរង្វាន់សន្តិភាពអន្តរជាតិ» ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍មនុស្សជាតិ និងក្នុងនាមជាឥស្សរជនមួយរូបដែលបានបម្រើមនុស្សជាតិ ដែលជាគំរូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះដែរ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានរាយការណ៍ អំពីវឌ្ឍនភាពនៃលទ្ធផលការងារដែលសម្រេចបាននាឆ្នាំ២០២១ កន្លងមក ដែលរួមមានការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម, ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាត, ការគ្រប់គ្រង និងជំរុញអភិវឌ្ឍន៍ស្តង់ដារ, វិស័យមាត្រាសាស្ត្រ, វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការងារពាក់ព័ន្ធផ្សេងៗទៀត។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីរួចមក លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រេចបានជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងចូលរួមចំណែកក្នុងការនាំមកនូវភាពជោគជ័យសម្រាប់រាជរដ្ឋាភិបាល។ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយជោគជ័យ រហូតសម្រេចបាននូវលទ្ធផលការងារគួរអោយកត់សម្គាល់ ស្របទៅនឹង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤។

ឆ្លៀតក្នុងឱកាសនេះដែរ ជាមួយនឹងគោលបំណងជំរុញការចូលរួមអនុវត្ត ប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់នូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកជាអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងកិច្ចការដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោយ៖

ទី១-ពន្លឿនការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាកម្មកម្ពុជា
ទី២-បន្តពង្រឹងការចុះបញ្ជី និងការផ្តល់សេវាដល់រោងចក្រធុនធំ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្មអនឡាញ CamDX
ទី៣-ចូលរួមសិក្សាស្រាវជ្រាវ អំពីធនធានដែលមានសក្តានុពល សម្រាប់អភិវឌ្ឍកសិ-ឧស្សាហកម្ម
ទី៤-ពន្លឿនការកែសម្រួល និងបញ្ចប់នូវ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ SME ឆ្នាំ២០២២-២០២៦, សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់ប្រមូលផ្តុំ SME និងសេចក្តីព្រាងច្បាប់ស្តីពី SME
ទី៥-ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារនៅក្នុងគំនិតផ្តួចផ្តើមនៃការបង្កើត «មជ្ឈមណ្ឌលគាំទ្រធុរកិច្ច» និង SMEs ក្នុងការចាប់យកឌីជីថល
ទី៦-បន្តពង្រឹងការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល
ទី៧-បន្តអនុវត្តគោលនយោបាយថ្លៃទឹកប្រកបដោយភាពហ្មត់ចត់ និងរស់រវើក
ទី៨-ជំរុញការអភិវឌ្ឍស្តង់ដារ និងអនុម័តដាក់អោយប្រតិបត្តិនូវស្តង់ដារអោយបានគ្រប់វិស័យ
ទី៩-គិតគូររៀបចំក្របខណ្ឌអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទេពកោសល្យបច្ចេកវិទ្យាសម្រាប់រយៈពេលមធ្យម និងវែង
ទី១០-បន្តចូលរួមកាន់តែសកម្ម ក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល និង
ទី១១-បន្តជំរុញកៀរគរចំណូលជាតិគ្រប់ប្រភេទ៕