(ព្រះវិហារ)៖ អគារទីស្នាក់ការថ្មី របស់គណបក្សប្រជាជនកម្ពុជា ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ដែលសាងសង់អស់ថវិកាជាង១០០លានរៀល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានទេសរដ្ឋមន្ត្រី មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពីលោក ឡុង សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្នុងជួរគណបក្សខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។

ទេសរដ្ឋមន្ត្រី មាស សុភា បានជម្រាបជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំភ្នំពេញ ស្រុកគូលែន ពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។ លោកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានអាយុកាលច្រើនជាងគេ ពោលគឺបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១មកម្លេះ បើគិតមកដល់ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល៧១ឆ្នាំហើយ។

ទេសរដ្ឋមន្ត្រី មាស សុភា បានសង្កត់ធ្ងន់ថា៖ «ការដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានយូរអង្វែងជាងគេ ក៏ដោយសារមានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ប្រជាជន ហើយគណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាជន ជារបស់ប្រជាជននិងបម្រើផលប្រយោជន៍ទូទៅជូនប្រជាជនគ្រប់កាលៈទេសៈ»

ស្របជាមួយនឹងការសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សឃុំភ្នំពេញនៅថ្ងៃនេះ ទេសរដ្ឋមន្ត្រី មាស សុភា បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋចេញពីឆន្ទះនិងបេះដូងពិតប្រាកដ ស្របតាមទិសដៅរបស់គណបក្ស។

ដោយឡែកលោក មុត ភិសិទ្ធនា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាអ្នកសាងសង់អគារស្នាក់ការគណបក្សឃុំភ្នំពេញ ស្រុកគូលែន បានថ្លែងថា អគារគណបក្សប្រជាជនកម្ពុជាឃុំភ្នំពេញ ដែលសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះជាអំណោយដ៍ថ្លៃថ្លារបស់ទេសរដ្ឋមន្ត្រី មាស សុភា និងលោកស្រី ហើយអគារស្នាក់ការគណបក្សនេះសាងសង់អំពីថ្មប្រក់ក្បឿង ចំណាយអស់ថវិកាចំនួន ១០៨លានរៀល បូករួមទាំងខ្លោងទ្វារ របង ព័ទ្ធជុំវិញ បន្ទប់ទឹក និងសម្ភារដែលបំពាក់នៅក្នុងអគារមួយចំនួនទៀតផងដែរ៕