(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៧នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលដោយលោក ស៊ន មុន្នី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កាលពីវេលាម៉ោង១៖៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ម៉ោង១២៖២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ យកមកសាកសួរនាំតែម្ដងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ០៧នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានរួមមាន៖

ទី១៖ ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២៖ ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៣៖ ឈ្មោះ ជឿន ប៉ោសៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។
ទី៤៖ ឈ្មោះ លូ ថេតង ភេទប្រុស នៅចំណុចខាងមុខហាងម៉ាស្សាយីហោ សាគូរ៉ា ក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៥៖ ឈ្មោះ ឡេ វាំងហ៊ីវ ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្សារអន្តរជាតិ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី៦៖ ឈ្មោះ ង្វៀង វាំងថាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកទទួលបដិសណ្ឋារកិច្ចសណ្ឋាគារ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
និងទី៧៖ ឈ្មោះ រូត ទី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម នៅចំណុចកាស៊ីណូញូវវើល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

វត្ថុតាងដែលបានចាប់យកទាំងអស់មាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ៦៦កញ្ចប់ (ធំ០១កញ្ចប់) មានទម្ងន់ ១៨៩,៨៩ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៧,១៣ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៥១២គ្រាប់ មានទម្ងន់១៨២.៨៨ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ១៧៦,៨៥ក្រាម, ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន៣២១ គ្រាប់ និងកន្លះគ្រាប់ មានទម្ងន់ ១២១,១៣ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១១៣,១៧ក្រាម, ម្សៅម៉ត់ពណ៌សចំនួន ៤០កញ្ចប់ (ធំ០១កញ្ចប់) មានទម្ងន់១៧៨,៧៦ ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១៦៦,៨៦ក្រាម, ថ្នាំគ្រាប់ពណ៌ស្វាយចំនួន០៩គ្រាប់ មានទម្ងន់៤,៩៧ក្រាម (គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ៣.២០ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន១៣គ្រាប់ មានទម្ងន់៣,១០ក្រាម(គិតទាំងសំបកវេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ១,១៩ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៦គ្រឿង, ម៉ូតូចំនួន០៤គ្រឿង, ទូរស័ព្ទចំនួន១០គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕