(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូជាសមាជិកបក្សប្រជាជនកម្ពុជាមកពីសង្កាត់បាក់ខែង ចំនួន៤៥នាក់ និងសង្កាត់កោះដាច់ ចំនួន១០២នាក់ សរុបចំនួន១៤៧នាក់។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោក ឃ្លាំង ហួត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដោយបានតម្លើងប្រាក់បៀវត្សដល់លោកគ្រូ អ្នកគ្រូឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។

លោកបានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោរពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។

ជាចុងបញ្ចប់ លោកបានកោតសរសើរចំពោះលោកគ្រូអ្នកគ្រូដែលមានភក្តីភាព និងស្ម័គ្រស្មោះបម្រើសង្គមជាតិ និងបម្រើគណបក្សប្រជាជនកម្ពុជា ជាគ្រួសារតែមួយ គោលជំហរតែមួយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ព្រមជាមួយគ្នានេះលោក ឃ្លាំង ហួត ក៏បានឧបត្ថម្ភថវិកា ៧,៣៥០,០០០ រៀល ជូនដល់លោកគ្រូអ្នកគ្រូផងដែរ៕