(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈផ្ទះចំនួន៣ខ្នងផ្សេងទៀត ត្រូវភ្លើងឆេះអស់មួយចំហៀង បណ្ដាលមកពីភ្លើងចង្ក្រានដាំបបរ ហើយមិនបានពន្លត់ឱ្យអស់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៤៖៣០នាទី រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៉ឹម យ៉ុង អធិការនគបាលស្រុកជលគីរី បានឱ្យដឹងថា «ហេតុការណ៍នេះ បង្កឱ្យមានអគ្គិភ័យឆាបឆេះផ្ទះនេះបណ្តាលមកពីក្មេងដាំបបរ លើចង្ក្រានហើយមានការធ្វេសប្រហែសពន្លត់ភ្លើងមិនអស់ រួចទៅហូបបាយនៅផ្ទះអ្នកជិតខាង ខណៈម្តាយឪពុកមិននៅផ្ទះចេញទៅដាក់មងអស់»

លោកអធិការស្រុក បានបន្តថា ការភ្ញាក់ផ្អើលចំពោះអគ្គិភ័យខាងលើនេះ ដំបូងឡើយគេឃើញភ្លើងឆាបឆេះរាលដាលចេញពីផ្ទះ ឈ្មោះ ម៉ៃ ព្រួញ ព្រោះផ្ទះនៅម្ដុំនោះភាគច្រើនជាផ្ទះប្រក់ស្លឹកហើយនៅជាប់ៗគ្នា ធ្វើឱ្យភ្លើងឆេះរាលពីផ្ទះមួយទៅផ្ទះមួយបន្តបន្ទាប់។

ផ្ទះប្រជាពលរដ្ឋរងគ្រោះដែលត្រូវភ្លើងឆេះមានមាន៖

*ទី១៖ ឈ្មោះ ហង្ស ហាន ឆេះអស់ទាំងស្រុងផ្ទះទំហំ៥ គុណ៦ម៉ែត្រ ផ្ទះឈើប្រក់ស័ង្គសី
*ទី២៖ ឈ្មោះ ភា វ៉ាន់ ឆេះអស់ទាំងស្រុង ផ្ទះទំហំ៥ គុណ៦ម៉ែត្រ ផ្ទះឈើប្រក់ស័ង្គសី
*ទី៣៖ ឈ្មោះ ម៉ៅ ផ្លង់ ផ្ទះទំហំ៦ គុណ១២ម៉ែត្រ ផ្ទះប្រក់គ្បឿងមានត្រូវភ្លើងឆេះអស់ទាំងស្រុង
*ទី៤៖ ឈ្មោះ ស៊្រុន ថន ផ្ទះទំហំ៦ គុណ៨ម៉ែត្រ ផ្ទះឈើប្រក់ស័ង្គសី
*ទី៥៖ ឈ្មោះ ម៉ន សុគន្ធា ឆេះអស់ទាំងស្រុង ផ្ទះទំហំ៦ គុណ១១ម៉ែត្រ ផ្ទះឈើប្រក់ស័ង្គសី
*ទី៦៖ ឈ្មោះ ម៉ៃ ប៉ោត ឆេះអស់ទាំងស្រុង ផ្ទះទំហំ៥ គុណ១២ម៉ែត្រ ផ្ទះឈើប្រក់ស្លឹក។

ផ្ទះប្រជាពលរដ្ឋដែលឆេះអស់តែមួយចំហៀងរួមមាន១៖ ឈ្មោះ ម៉ៃ ព្រួញ ឆេះអស់មួយចំហៀងទំហំ៥ គុណ៩ម៉ែត្រ ផ្ទះប្រក់ក្បឿង, ២៖ ឈ្មោះ ម៉ម ប៊ុណ្ណាវុធ មន្រ្ដីសាលាស្រុកជលគិរី ឆេះអស់មួយចំហៀង ផ្ទះទំហំ៧ គុណ១២ម៉េត្រ ផ្ទះប្រក់គ្បឿង និងទី៣៖ ឈ្មោះ អ៊ួន រិទ្ធ ឆេះអស់មួយចំហៀង ផ្ទះទំហំ៥ គុណ៩ម៉ែត្រ ប្រក់ក្បឿង។

នៅក្នុងករណីគ្រោះអគ្គីភ័យនេះ សមត្ថកិច្ចនគរបាលស្រុកជលគិរី បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងទឹកអស់ចំនួន១០រថយន្តទើបទប់ស្កាត់ មិនឱ្យឆេះរាលដាលទៅផ្ទះអ្នកដទៃបន្តទៀតបាន។

ពាក់ព័ន្ធនឹងករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានពីទំហំនៃការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលត្រូវភ្លើងឆេះនោះនៅឡើយទេ៕