(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននាំកិច្ចប្រជុំចង្អៀតជាមួយបេក្ខជនក្រុមប្រឹក្សាឃុំទាំងចាស់ និងថ្មី នៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីត្រៀមយកជ័យជំនះបោះឆ្នោតអាណត្តិទី៦។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី បានណែនាំឱ្យសមាជិកក្រុមប្រឹក្សាសាមគ្គីផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីឈានទៅយកលទ្ធផលបោះឆ្នោតឲ្យបានល្អលើសលប់។

លោកស្រីបណ្ឌិត កុយ ពិសី បានក្រើនរំឮកដល់បេក្ខជនក្រុមប្រឹក្សាឃុំនៅក្នុងឃុំនេះ បន្តខិតខំអនុវត្តតាមគោលនយោបាយនានារបស់គណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដោយមិនប្រកាន់និន្នាការគណបក្ស។

ដោយឡែកទាក់ទងនឹង ស្ថានភាពរីករាលដាលជំងឺកូវីដ១៩ វិញលោកស្រីបណ្ឌិត បានលើកឡើងថា ពេលនេះការរាតត្បាតនៅកម្ពុជាបានធូរស្រាលយ៉ាងខ្លាំង ដោយមានអ្នកឆ្លងតិចតួចប៉ុណ្ណោះ ហើយគ្មានអត្រាស្លាប់នោះទេរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈប្រទេសកម្ពុជា ត្រូវបានប្រកាសបើកដំណើរការគ្រប់វិស័យឡើងវិញ។

បន្ថែមពីនេះ លោកស្រីបណ្ឌិត កុយ ពិសី បានណែនាំដល់បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវធ្វេីយ៉ាណាពង្រឹងនូវសមត្ថភាព ចំណេះដឹង និងបន្តចូលរួមសកម្មភាពរបស់គណបក្សឱ្យបានល្អប្រសេីរ និងខិតខំសាងប្រជាប្រិយភាពបន្ថែមទៀត ជាពិសេសនោះត្រូវពិនិត្យសមាជិក សមាជិកា ឲ្យត្រួតពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោតឱ្យបានគ្រប់គ្នាៗ។ ចំពោះករណីអ្នកដែលមិនទាន់មានអត្តសញ្ញាណបណ្ណគំរូថ្មីត្រូវទៅប្តូរ ឬករណីបាត់អត្តសញ្ញាបណ្ណត្រូវរៀបចំឯកសារធ្វេីឱ្យហេីយ ដេីម្បីត្រៀមខ្លួនទៅបោះឆ្នោតនៅពេលខាងនេះ៕