(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន២កន្លែង ចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម។

ប្រភពពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបបាន ករណីគ្រឿងញៀន នៅចំណុចបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅម៉ោង១៩៖៣០នាទី បានបន្តឆែកឆេរផ្ទះលេខ១២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់, ឈ្មោះ វ៉ែន សំណាងរត្ន័ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។ ឈ្មោះ ឯល អាត់ទរី ភេទ ស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម។ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ១ គីឡូក្រាម និង ៣០១.៩៩ក្រាម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕