(បន្ទាយមានជ័យ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ២២៤,០៥១ប័ណ្ណ លើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ នៅភូមិផ្លូវដំរីលើ ភូមិផ្លូវដំរីក្រោម និងភូមិអូរសឿ ក្នុងឃុំសឿ ស្រុកមង្គលបូរី។

ពិធីនេះមានការចូលរួមលោក រ័ត្ន ដាស៊ុណង់ អភិបាលស្រុកមង្គលបូរី រួមទាំងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ និងប្រជាពលរដ្ឋម្ចាស់ដីផងដែរ។

នាឱកាសនោះលោក អាង ណារិទ្ធ បានបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធទាំង៣ភូមិ មានច្រើនដំណាក់កាលរួមមាន៖

ទី១៖ ត្រៀមរៀបចំ គឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាលជូនដំណឹងកិច្ចប្រជុំនឹងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
ទី២៖ ប្រតិបត្តិការបច្ចេកទេសចុះវាស់វែង និងធ្វើការវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី
ទី៣៖ បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះ និងស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការខុសឆ្គង។ ផុតរយៈពេលកំណត់នៃការបោះផ្សាយប្រជាពលរដ្ឋមិនអាចជំទាស់បន្តបានទៀតឡើយ។
ទី៤៖ សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ពីលទ្ធផលនៃការបិទផ្សារជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មាធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនទាន់មានទំនាស់
ទី៥៖ ចុះបញ្ជីចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី បានហើយ

លោក អាង ណារិទ្ធ បានបន្តទៀតថា ប័ណ្ណកម្មសិទ្ធិនេះធានានូវសិទ្ធិស្របច្បាប់ជាធ្វើជាម្ចាស់កាន់ដីធ្លីអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ធ្វើការអភិវឌ្ឍដី និងបើកអាជីវកម្មបានជាដើម។ ប័ណ្ណកម្មសិទ្ធិនេះអាចយកទៅប្រើប្រាស់ ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរ ឬអាជីវកម្មបន្ថែមទៀតមានប័ណ្ណកម្មសិទ្ធិនេះក៏អាចកាត់បន្ថយជម្លោះដីធ្លីបានដែរ។ ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ប័ណ្ណកម្មសិទ្ធិនេះ វាងាយស្រួលចំពោះការផ្ទេរអចលនវត្ថុ ដើម្បីធានានូវសិទ្ធិស្របច្បាប់រាល់ការផ្លាស់ប្ដូរ និងផ្ទេរសិទ្ធិត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងភូមិបាលស្រុក ក្រុងជាដើម។

លោក អាង ណារិទ្ធ បានឱ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីផ្លីមានលក្ខណៈប្រព័ន្ធនៅភូមិចំនួន៣ ក្នុងស្រុកមង្គលបូរី មានចំនួន ២២៤,០៥១ប័ណ្ណ ក្នុងនោះមានការឧបត្ថម្ភគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ការអនុវត្តតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា លើនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីនេះ។

លោកបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើប្រជាពលរដ្ឋណាកុំទាន់មានពេលវេលាមកទទួលយកសូមទំនាក់ទំនងនៅមន្ទីរ ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលក្រោយ។ ក្រុមការងារដែលប្រចាំការនៅទីនោះសូម ធ្វើការសហការជាមួយអាជ្ញាធរ ដែនដី ជាពិសេសលោកមេភូមិ សូមជូនដំណឹងដល់ប្រជាពលរដ្ឋ បើពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់គ្នា៕