(ភ្នំពេញ)៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា «បើទោះជាយើងជួបនឹងព្រឹត្តិការសហគមន៍២០កុម្ភ: នៃជំងឺកូវីដ១៩ក៏ដោយ ក៏សកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនាឆ្នាំ២០២១ បានសម្រេចនូវវឌ្ឍនភាពគួរជាទីរំពឹងទុកសំរាប់អនុវត្តន៍បន្តនាឆ្នាំ២០២២ ក្រោមកិច្ចសហការគ្នាយ៉ាងល្អក្នុងការបំពេញការងារ»

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាឆ្នាំនេះ បានធ្វើឡើងនារសៀលថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សណ្ឋាគារសុខាភ្នំពេញ វិថីកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ទន្ទឹមនឹងការដាក់ចេញផែនសកម្មភាពការងារអនុវត្តន៍ឆ្នាំ២០២២ ឲ្យបានជោគជ័យជូនរាជរដ្ឋាភិបាល និងបម្រើប្រជាជនដោយស្មោះត្រង់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ចំនួន១០ចំណុច បន្ថែមដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាពរួមមាន៖

*ទី១៖ ត្រូវអនុវត្តអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ ស្តីពីក្របខ័ណ្ឌមុខងាររបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលតម្រូវឲ្យក្រសួងយើងផ្អែកលើអភិក្រម

*ទី២៖ ក្នុងពេលបំពេញបេសកកម្មចុះធ្វើអធិការកិច្ច មន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយតាមប្រកាសលេខ ០៧៨ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០០៨

*ទី៣៖ ពង្រឹងវិន័យការងារ ដោយត្រូវវត្តមានឱ្យបានជាប់ជាប្រចាំ និងបន្តបំពេញការងារជាធម្មតា ដោយត្រូវតាមដានព័ត៌មាន និងស្រាវជ្រាវឯកសារ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធនឹងការងារក្រសួង ដើម្បីពង្រឹងសមត្ថភាព រួមទាំងការគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ សវនកម្ម និងបុគ្គលិកដើម្បីបង្កើនសមត្ថភាពជំនាញទៅតាមតួនាទីរៀងៗខ្លួន។ ត្រូវអនុវត្តឱ្យបានល្អ តាមអភិក្រមទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវនា ២ គឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»

*ទី៤៖ ដោយសារការផ្សព្វផ្សាយច្បាប់ ជាតម្រូវការចាំបាច់ ក្រុមការងារក្រសួងត្រូវបន្តការអប់រំ និងផ្សព្វផ្សាយច្បាប់ឲ្យបានទូលំទូលាយ គ្រប់២៥ រាជធានី-ខេត្ត ជាពិសេសទៅតាមទីប្រជុំជន និងជនបទដាច់ស្រយ៉ាល។

*ទី៥៖ ត្រូវបន្តជំរុញការឆ្លងសេចក្តីព្រាងច្បាប់អធិការកិច្ច ដែលក្រសួងបានតាក់តែងរួច ដោយបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យច្បាប់នេះត្រូវបានអនុម័ត។

*ទី៦៖ ត្រូវអនុវត្តបន្តនូវកម្មវិធី ទទួលពាក្យបណ្តឹងអនឡាញ និងជំរុញបណ្ណាល័យ អេឡិចត្រូនិក (e-Library) ដែលតាមរយៈកម្មវិធីទាំងនោះ ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹង និងអាចមើលឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាតាមកុំព្យូទ័រ និងទូរស័ព្ទដៃបានយ៉ាងងាយស្រួល។

*ទី៧៖ វិទ្យាស្ថានជាតិអធិការកិច្ច ត្រូវពង្រឹងគុណភាពបណ្តុះបណ្តាល ជាពិសេសពង្រឹងសមត្ថភាពគ្រូ និងបណ្តុះបណ្តាលមុខជំនាញផ្សេងបន្ថែម ក្រៅពីអធិការកិច្ច ដូចជា ជំនាញអប់រំផ្សព្វផ្សាយច្បាប់ ជំនាញការសិក្សាស្រាវជ្រាវ ជំនាញវាយតម្លៃ ជំនាញផ្នែកស្ទាបស្ទង់មតិ និងជំនាញផ្សេងៗទៀត ដែលជាតម្រូវការចំាំបាច់របស់ក្រសួង។

*ទី៨៖ ត្រូវបន្តធ្វើការកែទម្រង់ផ្ទៃក្នុងក្រសួងជាបណ្តើរៗ ជាពិសេសពង្រឹងសមត្ថភាពអង្គភាពថវិកា ដើម្បីត្រៀមអនុវត្តថវិកាកម្មវិធីពេញលេញ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

*ទី៩៖ ទោះជាមានស្ថាប័នច្រើន មានភារកិច្ចស្រដៀងគ្នា ឬត្រួតគ្នាក៏ដោយ យើងត្រូវតែពន្យល់ពីសារៈសំខាន់នៃការងារអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិ្យ ជម្រុញអភិបាលកិច្ចនិងប្រសិទ្ធភាពការងារ ដល់ស្ថាប័នផ្សេងៗទៀតឱ្យយល់ និងត្រូវកែទស្សនៈដែលខុសឆ្គងពី «ការងារត្រួតគ្នា» ទៅជា «ការងារបំពេញបន្ថែមគ្នាទៅវិញទៅមក» ដើម្បីបុព្វហេតុអភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាលតែមួយ។

*ទី១០៖ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរាជធានី-ខេត្ត ពង្រឹងកិច្ចសហការ និងទំនាក់ទំនងឱ្យបានល្អជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរួមគ្នាបំពេញការងារជាក្រុម ជាពិសេសការដោះស្រាយ ពាក្យបណ្តឹង និងការចូលរួមជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់ព្រៃ និងទន្រ្ទានយកដីរដ្ឋ ជាពិសេសនៅតំបន់មាត់បឹងទន្លសាប៕